FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ និងភ្ញៀវទេសចរ ស្នើឱ្យជួយសាងសង់ស្ពានឆ្លងទៅតំបន់ទេសចរណ៍ជីផាត, អភិបាលខេត្តកោះកុងរំពឹងថា គម្រោងសាងសង់ស្ពានឆ្លងទៅតំបន់ជីផាត នឹងទទួលបានការឆ្លើយឆាប់ៗ (Video inside)

02-06-2026 17:21

(ភ្នំពេញ)៖ ​អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរក្នុងស្រុក បានអំពាវនាវដល់រដ្ឋបាលខេត្តកោះកុង និងក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការសាងសង់ស្ពានឆ្លងទៅតំបន់ជីផាត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបម្រើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងតំបន់នោះ​ ខណៈទេសចរបានរិះគន់ ចំពោះការលំបាកក្នុងការទៅលេងកម្សាន្តតំបន់នេះ។​

ឃុំជីផាត ស្រុកថ្មបាំង ជាឃុំមួយដាច់ស្រយោលពីទីប្រជុំ និងជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យលេងកម្សាន្ត ដោយសារទេសភាពដ៏ស្រស់បំព្រង។ បច្ចុប្បន្ននេះ សម្រាប់ទេសចរដែលមានបំណងចង់ទៅលេងតំបន់ជីផាត ​មានតែមធ្យោបាយមួយប៉ុណ្ណោះ គឺតាមរយៈការឆ្លងសាឡង់។ បើតាមអ្នកដំណើរ កាលពីមុនការឆ្លងសាឡាងទៅតំបន់នោះមានតម្លៃ២០០០០​រៀលសម្រាប់រថយន្ត ប៉ុន្តែបច្ចុប្បន្ននេះបានដំឡើងដល់២៥០០០រៀល បន្ទាប់ពីប្រេងឥន្ទនៈឡើងថ្លៃ។

​លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA)​​ បានលើកឡើងថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរក្នុងស្រុក មាននិន្នាការចូលចិត្តដើរកម្សាន្ត តាមតំបន់ដែលមានធម្មជាតិស្រស់ស្អាត ដូចជាតំបន់ជីផាតជាដើម ហេតុនេះហើយ ការសាងសង់ស្ពានឆ្លងទៅកាន់តំបន់ជីផាត ពិតជាមានភាពចាំបាច់ណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅទីនោះ​ ស្របពេលក្រសួងភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវនៅតំបន់នោះហើយ។

លោកបានថ្លែងថា «ស្ពានដើរតួនាទីសំខាន់ណាស់ ក្នុងការតភ្ជាប់ បើតាមខ្ញុំដឹងក្រសួងអភិវឌ្ឍន៍ជនបទដូចជាមានផែនការពីរ មានការសាងសង់ស្ពានចូលទៅជីផាត មួយ និងមានស្ពានចូលទៅបឹងធំមួយ (នៅស្រុកស្រែអំបិល)។ នេះជាចំណុចដែលសំខាន់ៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីព្រោះយើងឃើញទេសចរក្នុងស្រុកនាពេលបច្ចុប្បន្ននេះ បែរទៅរកធម្មជាតិ ដូច្នេះហើយបានជាយើងឃើញនៅសៀមរាបមានការធ្លាក់ចុះហើយភ្ញៀវបុកមកតំបន់សមុទ្រ និងតំបន់ផ្សេងទៀតដែលមានធនធានធម្មជាតិនៅល្អ»។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានមានប្រសាសន៍ថា សម្រាប់វិស័យទេសចរណ៍ រឿងដែលសំខាន់ជាងគេ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតភ្ជាប់ទៅដល់រមណីដ្ឋានធម្មជាតិ ដែលកំពុងមានភាពទាក់ទាញស្រាប់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍។

លោកស្រីបន្តថា ក្រោយពីមានការផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃតំបន់ ជីផាត ឃើញមានភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅលេងតំបន់ តែយ៉ាងណាដោយសារតែស្ថានភាពនៃការធ្វើដំណើរមិនស្រួល អាចនឹងធ្វើឱ្យភ្ញៀវទេសចរមានការខកចិត្ត និងមិនសប្បាយចិត្ត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងថា ចំពោះគម្រោងសាងសង់ស្ពាន ជីផាត​ គឺជាគម្រោងទី២ដែលក្រសួអអភិវឌ្ឍន៍បាននិងកំពុងគិតគូរ ខណៈរដ្ឋបាលខេត្តបានធ្វើសំណើរស្នើសុំឱ្យមានការសាងសង់ស្ពាននេះ ទៅកាន់រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទរួចរាល់ហើយ បន្ទាប់ពីជំហានទី១ បានធ្វើការស្ថាបនាផ្លូវ​ក្នុងតំបន់នេះ ដោយសហការជាមួយនឹងក្រសួងទេសចរណ៍។​

​លោកស្រីបានលើកឡើងថា ក្នុងពិធីការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ២ ខ្សែ ប្រវែងសរុប ៣២ គីឡូម៉ែត្រ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅឃុំជីផាតបានស្នើទៅកាន់ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន ម្តងហើយ ដោយពេលនោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ​ក្រុមការងារជំនាញរបស់ កំពុងសិក្សាបច្ចេកទេស​ និងតម្លៃនៃការសាងសង ​ឱ្យសមស្របទៅនឹងកត្តាភូមិសាស្រ្តជាក់ស្តែង​ បន្ទាប់ពីការធ្វើផ្លូវរួចរាល់។

លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលខេត្តបានដាក់សំណើរសុំនេះ រំពឹងថា​ នឹងទទួលបានការឆ្លើយតបក្នុងពេលឆាប់ៗនេះ៕