FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥! ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញទិសដៅគោលនយោបាយគន្លឹះ ជូនរដ្ឋបាលគយអាស៊ានពិចារណា ចំនួន៥ចំណុច

02-06-2026 17:05

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥ (The 35th Meeting of the ASEAN Directors-General of Customs)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ នៅសណ្ឋាគារ Raffles Le Royal។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ គណៈប្រតិភូនៃរដ្ឋបាលគយអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក, រដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។

លោក Azizil Hakim Brahim អគ្គនាយកស្តីទី នៃរដ្ឋបាលគយប្រ៊ុយណេ និងជាប្រធានផុតអាណត្តិនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅរបស់កម្ពុជា និងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលរដ្ឋបាលគយអាស៊ានសម្រេចបានក្នុងអាណត្តិដែលលោកបានទទួលជាប្រធាន «កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤» កន្លងមក ។

លោកក៏បានបញ្ជាក់ថា លទ្ធផលទាំងនេះ បង្ហាញពីស្មារតីសាមគ្គីរបស់អាស៊ានក្នុងការបង្កើតសហគមន៍គយអាស៊ានទំនើប ដែលត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ លោក ប្តេជ្ញាបន្តការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលជាប្រធានថ្មី ក្នុងការបន្តដឹកនាំកិច្ចសហប្រតិបត្តិការគយអាស៊ានឱ្យមានភាពរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ ។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានប្តូរវេននៃ «កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥» បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែល កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះជាលើកទី ៣ ចាប់តាំងពីកម្ពុជាបានចូលជា សមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩។

ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពស្មុគ្រស្មាញ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការគយរួមគ្នាក្នុងចំណោមរដ្ឋបាលគយអាស៊ាន និងអាស៊ានដៃគូ កាន់តែដើរតួនាទីសំខាន់ ដើម្បីពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមាហរណកម្មតំបន់ ការលើកកម្ពស់តម្លាភាព និងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាក្នុងវិស័យគយ ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៦–២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ ២០២៦–២០៣០។

លោកបានបញ្ជាក់ថា, ក្នុងនាមជាប្រធានកិច្ចប្រជុំ, កម្ពុជា ប្តេជ្ញានឹងបន្តដឹកនាំការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឱ្យមានប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការ ជិតស្និទ្ធជាមួយប្រទេសសមាជិក និងដៃគូសន្ទនា ដើម្បីធានាថាកិច្ចសហប្រតិបត្តិការគយអាស៊ានអាចឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥» នេះ គឺជាវេទិកាដ៏សំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងសមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាភាពធន់ ភាពប្រកួតប្រជែង និងភាពរឹងមាំរបស់អាស៊ាន ចំពោះមុខបញ្ហា ប្រឈមសកលនានា ។ ខណៈដែលពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមក ពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការប្រែប្រួលសេដ្ឋកិច្ច, ការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្ថិរភាពស្ថាប័ន គឺជាកត្តាមូលដ្ឋានសម្រាប់ធានាភាពធន់ និងចីរភាពនៃការអភិវឌ្ឍរបស់អាស៊ាន។

អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបង្ហាញថា ការកសាងទីផ្សាររួម បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺតម្រូវឱ្យមានកំណែទម្រង់និងកិច្ចសហការយ៉ាងជិតស្និទ្ធដើម្បីឆ្ពោះទៅសម្រេចបានគោលដៅអាស៊ានជាសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកក្នុងឆ្នាំ ២០៤៥។

លើសពីនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើដាក់ចេញទិសដៅគោលនយោបាយគន្លឹះ ជូនរដ្ឋបាលគយអាស៊ានពិចារណា ចំនួន ៥ចំណុចសំខាន់ៗ រួមមាន៖

១៖ ជំរុញសមាហរណកម្មឌីជីថលក្នុងអាស៊ាន រួមមាន ការអនុ-វត្តឱ្យបានពេញលេញនូវប្រព័ន្ធបញ្ជរតែមួយជាតិ តាមផែនទីចង្អុលផ្លូវជំនាន់ថ្មី ២០២៦–២០៣០;
២៖ ពង្រឹងគំនិតផ្តួចផ្តើមកិច្ចសម្រួលពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេស ពង្រីកការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO-MRA) ទៅកាន់ដៃគូសន្ទនាអាស៊ាន;
៣៖ ពង្រឹងការតភា្ជប់ការដឹកជញ្ជូនក្នុងតំបន់ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនដោយរលូន រួមទាំង ការប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ASEAN ACTS) ឱ្យបានទូលំទូលាយ;
៤៖ ពង្រឹងកិច្ចសហប្រតិបត្តិការគយលើការអនុវត្តច្បាប់ តាមរយៈការចែករំលែកព័ត៌មានទាន់ពេលនិងការអនុវត្តប្រតិបត្តិការគយរួមគ្នា និង ៥. វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ។

នាឱកាសនោះដែរ, អគ្គនាយកគយអាស៊ាន ក៏មានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃ អង្គការគយពិភពលោក រដ្ឋបាលគយអូស្រ្តាលី រដ្ឋបាលគយចិន រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ព្រមទាំងប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃ វិស័យឯកជន សំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់៕