គ.ជ.ប បើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងណែនាំ ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
02-06-2026 16:55
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប និងសេចក្តីណែនាំស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាមរបៀបវារៈម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារទាំងនោះ ហើយអង្គប្រជុំគ.ជ.ប បានសម្រេចដូចខាងក្រោម៖
១៖ របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
២៖ របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ
ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
យោងតាមសេចក្តីព្រាងនោះ គឺណែនាំទៅលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) អាជ្ញាធរឃុំ សង្កាត់ និងមេភូមិចាត់ចែងអនុវត្តការស្រង់ស្ថិតិ និងការកំណត់ចំនួនការិយាល័យបោះឆ្នោត ហើយត្រូវបំពេញតាមគំរូតារាងដូចខាងក្រោម រួមមាន៖
* តារាងស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានក្នុងភូមិ
* តារាងស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងឃុំ សង្កាត់
* តារាងចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
* បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
* តារាងស្រង់ស្ថិតិប្រជាពលរដ្ឋ និងការិយាល័យបោះឆ្នោត ដែលរងផលប៉ះពាល់ ដោយសារការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ
* តារាងចំនួនអ្នកមានសិទ្ធិបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៧ ឃុំ សង្កាត់)
* តារាងចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៧ ភូមិ)។
៣៖ របៀបវារៈផ្សេងៗ៖ ក្រោយពីបានស្តាប់របាយការណ៍របស់គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីលទ្ធផលប្រឡង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ រួចមក អង្គប្រជុំ គ.ជ.ប បាន សម្រេចឯកភាពតាមរបាយការណ៍ និងមតិយោបល់របស់គណៈកម្មការរៀបចំការប្រឡង លើលទ្ធផលជាប់ធ្លាក់របស់បេក្ខជននីមួយៗ។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈនៅទីស្តីការ គ.ជ.ប ព្រមទាំងបង្ហោះតាមអាសយដ្ឋានវេប គ.ជ.ប៕

















