FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ភាពត្រឹមត្រូវនៃព័ត៌មាន ជាគ្រឹះនៃទំនុកចិត្តសាធារណៈ ជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម

02-06-2026 16:51

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងយុគសម័យឌីជីថល ព័ត៌មានមិនពិតអាចរីករាលដាលឆ្លងកាត់ព្រំដែន ភាសា បណ្តាញសង្គម និងសហគមន៍នានា ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ដូច្នេះ ភាពត្រឹមត្រូវនៃព័ត៌មាន គឺជាគ្រឹះនៃទំនុកចិត្តសាធារណៈ ជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបិទវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារ Sun & Moon Riverside ក្នុងរាជធានីភ្នំពេញ

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មានទាំងនោះអាចធ្វើឱ្យប្រជាពលរដ្ឋយល់ខុស បង្កើតឱ្យមានការភ័យខ្លាច បន្ថយទំនុកចិត្តលើស្ថាប័នសាធារណៈ បំផ្លិចបំផ្លាញសុខដុមរមនាសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា។

លោករដ្ឋមន្ត្រី នេត្រ ភត្ត្រា បានបន្តថា ព័ត៌មានក្លែងក្លាយមិនមែនត្រឹមតែជាបញ្ហាប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែវាជាបញ្ហាយុទ្ធសាស្ត្រដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ការឆ្លើយតបរបស់យើងត្រូវតែលឿនជាងមុន វៃឆ្លាតជាងមុន មានការសម្របសម្រួលល្អជាងមុន និងមានលក្ខណៈបុរេសកម្មជាងមុន។ យើងមិនត្រូវរង់ចាំរហូតដល់ព័ត៌មាន មិនពិតបង្កការខូចខាតរួចរាល់នោះឡើយ។ យើងត្រូវតែកសាងប្រព័ន្ធដែលអាចបង្ការ កំណត់ ផ្ទៀងផ្ទាត់ ឆ្លើយតប កែតម្រូវ អប់រំ និងពង្រឹងភាពធន់ក្នុងពេលតែមួយ»

លោករដ្ឋមន្ត្រី ក៏បានបន្ថែមថា តាមរយៈបទពិសោធន៍របស់កម្ពុជា វេទិកានេះបានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃទំនាក់ទំនងផ្លូវការដែលផ្តល់ព័ត៌មានបានទាន់ពេលវេលា គួរឱ្យទុកចិត្ត ច្បាស់លាស់ និងងាយស្រួលទទួលបាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នៅពេលដែលព័ត៌មានក្លែងក្លាយត្រូវបានចែកចាយយ៉ាងទូលំទូលាយ ជាពិសេសក្នុងអំឡុងពេលដែលមានបញ្ហាជាតិរសើប ស្ថានភាពអាសន្ន ឬស្ថានភាពក្នុងតំបន់ សាធារណជនត្រូវការព័ត៌មានត្រឹមត្រូវពីប្រភពផ្លូវការដែលគួរឱ្យទុកចិត្ត។ យន្តការអ្នកនាំពាក្យដ៏រឹងមាំ សារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការយល់ដឹងជាសាធារណៈ និងការសម្របសម្រួលអន្តរស្ថាប័ន គឺជាកត្តាចាំបាច់ដើម្បីបង្ការនូវពាក្យចចាមអារ៉ាម ការភាន់ច្រឡំ និងការយល់ច្រឡំ»

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់កម្ពុជា ក៏ត្រូវបានលើកយកមកបង្ហាញផងដែរថា ជាវេទិកាជាតិដ៏សំខាន់មួយក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការយល់ដឹងជាសាធារណៈ។ យុទ្ធនាការនេះមានគោលបំណងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស សហគមន៍ជនបទ និងក្រុមងាយរងគ្រោះ ឱ្យចេះផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការរួមគ្នាកសាងតំបន់មេគង្គ–ឡានឆាងមួយ ដែលមានតែព័ត៌មានអាចជឿទុកចិត្ត ប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ អ្នកសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ រដ្ឋាភិបាលដែលឆ្លើយតបបានទាន់ពេល វេទិកាឌីជីថល ប្រកបដោយគណនេយ្យភាព និងសង្គមដែលមានភាពធន់រឹងមាំ៕