ការិយាល័យតំណាង អ.ដ.ក. ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ
02-06-2026 16:35
(ព្រះវិហារ)៖ ការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. ប្រចាំខេត្តព្រះវិហារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបង្ខិតសេវាសម្រុះសម្រួលផ្សះផ្សា វិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់។
ពិធីនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យថ្មី ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងបង្ហាញនូវក្តីសោមនស្សរីករាយ និងសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ព្រមទាំងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលបានកំណត់យកខេត្តព្រះវិហារ ជាខេត្តគោលដៅក្នុងការបង្កើតឱ្យមានការិយាល័យតំណាងនេះឡើង។
លោកអភិបាលខេត្តប្រះវិហារ បានចាត់ទុកសមិទ្ធផលថ្មីនេះថា ជាវឌ្ឍនភាពមួយដ៏សំខាន់សម្រាប់ខេត្តព្រះវិហារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន តាមរយៈយន្តការសម្រុះសម្រួលផ្សះផ្សា ប្រកបដោយប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីសាធារណជន ស្របតាមចក្ខុវិស័យ និងការវិវត្តរបស់សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។
លោកបណ្ឌិត ជិន ម៉ាលីន បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ពីសមត្ថកិច្ចសំខាន់ៗទាំងបីរបស់ការិយាល័យតំណាង អ.ដ.ក. ដែលរួមមាន៖ ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលស្នើសុំសម្រុះសម្រួល ការធ្វើការសម្រុះសម្រួល ដោះស្រាយវិវាទដោយផ្ទាល់ និងការសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ព្រមទាំងបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។
ទន្ទឹមនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តលើយន្តការថ្មីនេះ លោកបណ្ឌិតបានថ្លែងធ្វើការណែនាំ និងផ្តាំផ្ញើដល់ប្រធាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវបំពេញមុខងារ របស់ខ្លួនតាមការចាត់តាំងឱ្យបានម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវគោរពតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ មន្ត្រីគ្រប់រូបត្រូវខិតខំដុសខាត់សមត្ថភាពខ្លួនជាប់ជាប្រចាំ និងប្រើប្រាស់ចំណេះដឹង បទពិសោធន៍ទាំងឡាយ ដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនាមជាតួអង្គដ៏សំខាន់នៅក្នុងការពន្លត់ភ្លើងវិវាទរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ជិន ម៉ាលីន បានសំណូមពររដ្ឋបាលខេត្តព្រះវិហារ សូមបន្តផ្តល់នូវការគាំទ្រ សម្របសម្រួល និងសហការជិតស្និទ្ធជាមួយការិយាល័យតំណាង អ.ដ.ក. ដើម្បីធានាឱ្យសេវាសម្រុះសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានលក្ខណៈងាយស្រួល សម្បូរបែប ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅបង្កើតបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។
គួរបញ្ជាក់ថា ផ្អែកលើស្នាដៃការងារល្អប្រសើរនាពេលកន្លងមក លោកស្រី ស ស៊ីយេត មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ត្រូវបានថ្នាក់ដឹកនាំ អ.ដ.ក. ផ្តល់ទំនុកចិត្ត និងចាត់តាំងឱ្យមកបំពេញភារកិច្ចជាប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តព្រះវិហារ នាពេលនេះតែម្តង៕












