FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បំភ្លឺទៅកាន់សារព័ត៌មាន Nikkei Asia របស់ជប៉ុន ថា តំបន់ការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិជោគជ័យ លើទឹកដីកម្ពុជា មិនមែននៅទឹកដីថៃនោះទេ

02-06-2026 16:07

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតរទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា«ការប៉ះទង្គិចនៅព្រំដែនថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន» ដែលបានហៅទីតាំងដែលកំពុងតែមានបញ្ហាថា «ណងចាន់» នៅក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលការពិតតំបន់ដែលពាក់ព័ន្ធគឺភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិតរបស់លោកឯកអគ្គរាជទូត ជុំ សុន្ទរី ផ្ញើទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដូចនេះថា ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែន ថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន» ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ខណៈពេលដែលអត្ថបទនេះផ្តល់នូវការយល់ដឹងដ៏មានប្រយោជន៍ អំពីផលវិបាកសេដ្ឋកិច្ចនៃស្ថានភាពព្រំដែន កម្ពុជា-ថៃ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងអាជីវកម្មជប៉ុន ខ្ញុំសូមបញ្ជាក់អំពីទិដ្ឋភាពសំខាន់ៗមួយ ចំនួនពាក់ព័ន្ធនឹងបញ្ហាទឹកដីដែលបានលើកឡើងនៅក្នុងសេចក្តីរាយការណ៍។

អត្ថបទនោះបានហៅទីតាំងដែលកំពុងតែមានបញ្ហាថា «ណងចាន់» នៅក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ហើយបានរាយការណ៍ពីការវិវត្តនៅទីនោះ ដោយផ្តោតជាចម្បងតាមរយៈទស្សនៈរបស់អាជ្ញាធរ និងបុគ្គលិក យោធាថៃ។ តំបន់ដែលពាក់ព័ន្ធ គឺភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ជាទីកន្លែងដែលសហគមន៍កម្ពុជា បានរស់នៅជាច្រើនទសវត្សរ៍មកហើយ។ ការសំដៅទៅលើទីតាំងនេះ តាមការកំណត់របស់ថៃតែម្ខាង ដោយមិនទទួលស្គាល់ជំហររបស់កម្ពុជាថា វាជាផ្នែកមួយនៃទឹកដីកម្ពុជា គឺបង្ហាញពីការរៀបរាប់មិនពេញលេញអំពីបញ្ហានេះ ហើយអាចបង្ហាញដោយអចេតនាពីភាពស្រប់ច្បាប់ ចំពោះការទាមទារទឹកដីរបស់ភាគីម្ខាង។

អត្ថបទនេះបានបញ្ជាក់បន្ថែមទៀតថា ប្រទេសថៃ «បច្ចុប្បន្នគ្រប់គ្រងដោយជាក់ស្តែងលើទីតាំងនោះ» វត្តមានយោធា ឬការគ្រប់គ្រងរូបវន្តដោយជាក់ស្តែង មិនកំណត់អធិបតេយ្យភាពនោះទេ។ កម្ពុជាមិន ទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបានបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការ ទាមទារទឹកដីឯកតោភាគីនោះទេ។ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាព នៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយ នៅលើទីកន្លែងនោះទេ។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពាន របស់ប្រទេសថៃ មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ដែលកើតចេញពីការកាន់កាប់ ដោយខុសច្បាប់លើទឹកដីកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការតវ៉ានេះបានធ្វើឡើងចំពោះការសាងសង់ផ្លូវសំណង់អចិន្ត្រៃយ៍ ព្រះពុទ្ធបដិមា ការសាងសង់បង្គោល ទង់ជាតិ និងការសាងសង់ផ្សេងៗទៀតនៅក្នុងតំបន់កាន់កាប់ទាំងនោះ។ សកម្មភាពទាំងនេះ មិនស៊ីសង្វាក់គ្នា នឹងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវមានការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែន។

ដូច្នេះ វាមានសារៈសំខាន់ណាស់ដែលការរាយការណ៍ណាមួយស្តីពីការវិវត្តនៅក្នុងតំបន់ទាំងនេះ ឆ្លុះបញ្ចាំងមិនត្រឹមតែការពិតនៅនឹងកន្លែងប៉ុណ្ណោះទេ ភាគីពាក់ព័ន្ធផងដែរ។ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តដែលបានប្រកាន់យកពីមុនដោយអត្ថបទនេះក៏បានលើកឡើងពីការចោទប្រកាន់និងការវាយតម្លៃរបស់យោធាថៃផងដែរ រួមទាំងការអះអាង ថា «កងកម្លាំងកម្ពុជាអាចបានដាក់មីន ទោះបីជាមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូ ក៏ដោយ» និងការព្រមានអំពីលទ្ធភាពនៃ «ការប្រយុទ្ធគ្នាជុំបន្ទាប់» ដោយមិនបានលើកពីការឆ្លើយតប របស់កម្ពុជា ឬការផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ ទាំងនេះគឺជាការអះអាងដ៏ធ្ងន់ធ្ងរដែលមានផលប៉ះពាល់ ខ្លាំងដល់ការយល់ឃើញរបស់សាធារណជនអំពីជម្លោះ។ ដោយសារតែភាពរសើបនៃបញ្ហាបែបនេះ ការ ចោទប្រកាន់ដែលលើកឡើងដោយភាគីម្ខាង គួរតែត្រូវបានបែងចែកដាច់ចេញយ៉ាងច្បាស់ពីអង្គហេតុដែល ត្រូវបានផ្ទៀងផ្ទាត់ និងត្រូវបានលើកឡើងព្រមជាមួយនឹងទស្សនៈរបស់ភាគីពាក់ព័ន្ធម្ខាងទៀត។

កម្ពុជា បានអះអាងជាប់ជានិច្ចថាបញ្ហាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនិងយន្តការទ្វេភាគីដែលមានស្រាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិ សញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រំដែនដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិមិនអាចផ្លាស់ប្តូរតាមរយៈកម្លាំង ឬដោយការបង្កើតអ្វីដែលបានកើតឡើងរួចហើយ នោះទេ។

ខណៈពេលដែលការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះការសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី និងទំនាក់ទំនងអ្នកជិតខាងល្អ។ ការរាយការណ៍ដ៏ ត្រឹមត្រូវនិងមានតុល្យភាព គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងត្រឹមត្រូវអំពីបញ្ហា ទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។
ខ្ញុំជឿជាក់ថា ការបំភ្លឺទាំងនេះនឹងរួមចំណែកដល់ការយល់ដឹងកាន់តែពេញលេញ និងត្រឹមត្រូវជាងមុន ចំពោះបញ្ហាពាក់ព័ន្ធ៕