ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
02-06-2026 15:45
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសារពិសេសពីការជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលគេស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះ ទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។
ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី នៅក្រោមអនុសញ្ញា UNCLOS។ យន្តការនេះនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការ ឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន៥រូប និង សុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ៕





















