FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ជំនួយមកពីប្រទេសន័រវេស ប្តេជ្ញាគាំទ្រវិស័យសុខាភិបាលនៅខេត្តព្រះវិហារ និងគ្រោងសាងសង់អគារសម្រាកពេទ្យថ្មី នៅមណ្ឌលសុខភាពស្អាង ស្រុកជ័យសែន

02-06-2026 14:51

(ព្រះវិហារ)៖ ម្ចាស់ជំនួយមកពីប្រទេសន័រវេស (Norway) បានបង្ហាញពីគម្រោងសាងសង់អគារសម្រាកពេទ្យថ្មី ចំនួន១ខ្នង ជូនមណ្ឌលសុខភាពស្អាង ស្ថិតនៅឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលអគារនេះគ្រោង នឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៦។

ការបង្ហាញពីគម្រោងសាងសង់អគារសម្រាកពេទ្យថ្មី នៅមណ្ឌលសុខភាពល្អាង ក្នុងស្រុកជ័យសែន ធ្វើឡើងនាឱកាសដែលម្ចាស់ជំនួយមកពីប្រទេសន័រវេស (Norway) ជួបសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅមណ្ឌលសុខភាពគូលែន ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសជួបសំណេះសំណាលនោះ ក្រុមម្ចាស់ជំនួយមកពីប្រទេសន័រវេស បាននាំយកសម្ភារ និងបរិក្ខារពេទ្យមួយចំនួន ប្រគល់ជូនមណ្ឌលសុខភាពគូលែន ដើម្បីគាំទ្រដល់ការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន។

ជាមួយគ្នានេះ ម្ចាស់ជំនួយបានបង្ហាញពីគម្រោងសាងសង់អគារសម្រាកពេទ្យថ្មី ចំនួន១ខ្នង ជូនមណ្ឌលសុខភាពស្អាង ស្ថិតនៅឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៦។ លើសពីនេះ ពួកគាត់ក៏បានប្តេជ្ញាបន្តចូលរួមគាំទ្រ និងរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ ឲ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងជំនួបសំណេះសំណាលនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមម្ចាស់ជំនួយ ដែលបានផ្តល់ជំនួយដ៏មានតម្លៃ សម្រាប់វិស័យសុខាភិបាលក្នុងខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា អំណោយជាសម្ភារ និងបរិក្ខារពេទ្យទាំងនេះ ព្រមទាំងគម្រោងសាងសង់អគារសម្រាកពេទ្យថ្មី នឹងក្លាយជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកគូលែន។

លោក គួង ឡូ បានបញ្ជាក់ថា ការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយអន្តរជាតិ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ៕