តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបីនៃស្រុកជើងព្រៃ ត្រូវពង្រឹងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
02-06-2026 14:32
(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានណែនាំដល់កងកម្លាំងទាំងបី រួមមាន៖ កងយោធពលខេមរភូមិន្ទ (កងទ័ព), កងរាជអាវុធហត្ថ (ប៉េអឹម), និងកងនគរបាលជាតិ ត្រូវពង្រឹងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរជាប្រចាំ ជាពិសេសដោះស្រាយនូវបញ្ហាចំពោះមុខ ដែលប្រជាជនយើងជួបការលំបាក។
ការថ្លែងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងទាំងបី ដើម្បីពង្រឹងការងារការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានថ្លែងទៅកាន់កងកម្លាំងទាំងបីថា «កងកម្លាំងទាំង៣នេះ ជាដៃស្ដាំរបស់អាជ្ញាធរមូលដ្ឋាន ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ សូមកុំយកឧបសគ្គមកដាក់មុខ សូមធ្វើអ្វីក៏ដោយត្រូវចាំជាដាច់ខាតថា យើងត្រូវតែឆ្មោះឆ្មុលធ្វើឱ្យអស់ពីលទ្ធភាព និងអស់ពីមធ្យោយបាយ មិនថាយប់ ឬថ្ងៃ ទៅលើការងារប្រចាំថ្ងៃ ពិសេសក្នុងការទប់ស្កាត់បទល្មើសនានា រួមទាំងបទល្មើសឆបោកតាមអនឡាញ និងការអនុវត្ដន៍ភូមិ-ឃុំ មានសុវត្ថិភាព។ ជាងនេះទៅទៀតត្រូវយកចិត្ដទុកដាក់ធ្វើអត្ដសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋយើង យកទៅប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា»។
លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏បានផ្ដល់អនុសាសន៍ពីការដឹកនាំឱ្យបានជោគជ័យ ដោយគឺត្រូវដាក់ផែនការ, ចាប់ផ្ដើមអនុវត្ដន៍ការងារដែលដាក់ចេញ, ត្រូវឃ្លាំមើលផ្ទៀងទាត់ និងត្រួតពិនិត្យ។ លើសពីនោះលោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីនេះ ត្រូវធ្វើការងារប្រកបដោយបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ។ពិសេសការប្រើជំនាញរបស់ខ្លួនដោយភាពរាបសារ និងទន់ភ្លន់ដាក់ប្រជាពលរដ្ឋ។
មុននឹងបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះផងដែរ លោកបណ្ឌិតសភាចារ្យ ក៏បានថ្លែងអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមកនេះ ប្រកបដោយភាពម៉ឺតមាត់ ច្បាស់លាស់ ពិសេសការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងភូមិ-ឃុំ និងខេត្ដ ជូនប្រជាពលរដ្ឋយើងយ៉ាងសុខសាន្ដ។ តែទោះជាយ៉ាងនេះក្ដី លោកបណ្ឌិតសភាចារ្យ ក៏បន្ដជំរុញឱ្យការបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕

























