FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមក្មេងទំនើង៣នាក់ ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងណែនាំឲ្យបញ្ឈប់

02-06-2026 14:29

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានស្ទាក់ចាប់ក្មេងទំនើងចំនួន៣នាក់ ដែលជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ឮតាមផ្លូវបង្កការរំខាន ដល់អ្នកធ្វើដំណើរ។

ប្រតិបត្តិការចុះបង្ក្រាបនេះ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដោយមានការដឹកនាំដោយផ្ទាល់ពីលោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ។

លោកវីរសេនីយ៍ឯក សោម សុភ័ណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០៖២០នាទីព្រឹក លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន០៣នាក់ ដែលជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំង លឺតាមដងផ្លូវនៅឃុំតាសួស និងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការអប់រំ ណែនាំឲ្យបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងលឺបន្តទៀត។

នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើង បានឆ្លើយសារភាពថា ពិតជាបានធ្វើការកែច្នៃម៉ូតូដាក់បំពង់ស៊ីម៉ាំងលឺ រំខានដល់ប្រជាពលរដ្ឋពិតប្រាកដមែន។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោក ខាំ សុផារី ​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតឲ្យសមត្ថកិច្ច ធ្វើការអប់រំដល់ក្មេងទំនើងដោះស៊ីម៉ាំង និងឲ្យអាណាព្យាបាលធ្វើលិខិតធានា យកទៅផ្ទះវិញអប់រំបន្តកុំធ្វើខុស នឹងច្បាប់ទៀត។

ចំពោះម៉ូតូទាំង៣គ្រឿង ក្រោយពីធ្វើការផ្លាស់ដូរស៊ីម៉ាំងលឺរួច សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ម៉ូតូវិញ៕