អាជ្ញាធរចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូ TK STAR ក្នុងខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេស៧នាក់ ពាក់ព័ន្ធល្បែងស៊ីសងអនឡាញ
02-06-2026 14:13
(ភ្នំពេញ)៖ ក្រុមការងារចម្រុះដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ, លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយបានកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាល ទីតាំងខុនដូ TK STAR អាគារលេខ១០០ ស្ថិតនៅផ្លូវលេខ៥១៦ កែងផ្លូវលេខ៣១៥ ភូមិ០១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមការងារចម្រុះ បានត្រួតពិនិត្យខុនដូខាងលើពីជាន់ទី១ ដល់ជាន់ទី២៦។
ជាលទ្ធផល ក្រុមប្រតិបត្តិការ បានធ្វើការឃាត់ខ្លួន ជនបរទេសសរុប៧នាក់ ស្រី១នាក់ (ពាក់ព័ន្ធល្បែងស៊ីសងអនឡាញ)៖ ១នាក់ ភេទប្រុស ជនជាតិកូរ៉េខាងត្បូង និងស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និង៦នាក់ទៀត (ជនជាតិចិន៣នាក់ ជនជាតិកូរ៉េខាងត្បូង១នាក់ ជនជាតិកេនយ៉ា១នាក់ និងជនជាតិអ៊ូហ្គាដា១នាក់)។
វត្ថុតាងដកហូត សម្ភារៈនៅក្នុង៖ បន្ទប់១៣០៨ -CPU ចំនួន២គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង, ម៉ូនីទ័រ ចំនួន៤គ្រឿង បន្ទប់១៣០៩-CPU ចំនួន១គ្រឿង, ទូរស័ព្ទចំនួន២គ្រឿង, ម៉ូនីទ័រចំនួន២គ្រឿង។
សម្ភារខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ចំពោះជនបរទេសសរុប៧នាក់ ស្រី១នាក់ បានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធី៕










