FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌសែនសុខ បន្តស្ដារប្រឡាយ ១,៦០០ម៉ែត្រ ដើម្បីបញ្ចៀសការលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញ

02-06-2026 14:08

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានខិតខំស្តារប្រឡាយប្រវែងជាង ១,៦០០ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៃវិថីឈ្នះ ឈ្នះ។

បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ការងារនេះ ក្រោមការយកចិត្តទុកដាក់ និងណែនាំជាប់ ជាប្រចាំពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សា។

លោកស្រី បានបន្តថា កន្លងមករដ្ឋបាលខណ្ឌសែនសុខ បានខិតខំស្តារប្រឡាយ តំបន់ភូមិសែនសុខ ប្រឡាយទទឹងថ្ងៃមុខមន្ទីពេទ្យបង្អែកសែនសុខប្រវែង ៥៣៨ម៉ែត្រ និងប្រឡាយបណ្តោយថ្ងៃប្រវែង ១,០៧០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ សរុបប្រវែង ១,៦០៨ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ វិថីឈ្នះឈ្នះ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារការណ៍ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងបន្តសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់ជោគជាំមកដល់ផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី និងការងារ ស្តារប្រឡាយនៅខណ្ឌសែនសុខ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន, លោកស្រី ដោ សម្ផស្ស អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ត្រូវទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕