ក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបាន៧នាក់ និងអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់បង្ហោះម៉ូតូទៀត
02-06-2026 14:00
(កំពង់ស្ពឺ)៖ ក្មេងទំនើងមួយក្រុមដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនបាន៧នាក់ យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ និងដកហូតម៉ូតូ ទុកជាបណ្តោះអាសន្ន៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ២៣៖៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ក្រុមក្មេងទំនើងបានចំនួន៧នាក់។
ក្រុមក្មេងទំនើងមួយក្រុមនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបង្កឱ្យមាបភាពអនាធិបតេយ្យ ប៉ះពាល់ដល់សុខ សុវត្តិភាព និងបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាននិងធ្វើឲ្យបាត់បង់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ ថែមទៀតផង។
ក្មេងទំនើងទាំង ០៧នាក់នេះរួមមាន៖ (១)ឈ្មោះ ដូង ថុនា ភេទប្រុស អាយុ១៦ឆ្នាំ (២) ឈ្មោះ ផាន មេសា ភេទប្រុស អាយុ១៧ឆ្នាំ (៣) ឈ្មោះ ត្រា មិនា ភេទប្រុស អាយុ១៦ឆ្នាំ (៤) ឈ្មោះ ពុំ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ (៥) ឈ្មោះ ឈិន កាតិប ភេទប្រុស អាយុ១៩ឆ្នាំ (៦) ឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ និង (៧) ឈ្មោះ ហៀង និត ភេទប្រុស អាយុ ១៦ឆ្នាំ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន ០៤គ្រឿង (ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MI-3082, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LU-7642, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1Y-7780, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០១៩ ផ្លាកលេខ កំពង់ស្ពឺ 1M-5895), ទូរស័ព្ទ ចំនួន០៦គ្រឿង។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូតូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់ឆសកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/285912






