ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អះអាងថា អាល្លឺម៉ង់ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា
02-06-2026 13:38
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ក្នុងខណៈដែលលោកឯកអគ្គរដ្ឋទូត បញ្ចប់ភារកិច្ចដ៏ឧត្តុង្គឧត្តមនៅកម្ពុជា ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក Werner Gatzer អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធអាល្លឺម៉ង់ និងជាប្រធានដឹកនាំបេសកកម្មសម្រាប់កម្មវិធី ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី ២ (Improved Service Delivery in Cambodia – ISD 2) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅកម្ពុជា ផងដែរ ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូត Stefan Messerer និងលោក Werner Gatzer ព្រមទាំងសហការី ក៏ដូចជាការថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺ-ម៉ង់, លោកអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-សហព័ន្ធអាល្លឺម៉ង់ ដ៏ល្អកន្លងមក ពោលគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។
ជាក់ស្តែងតាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ, អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧លានដុល្លារអាម៉េរិក, ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៧៦២លានដុល្លារអាម៉េរិក និងឥណទានសម្បទានចំនួន ១២៥លានដុល្លារអាម៉េរិក ដែលគ្រប់ដណ្តប់លើវិស័យដូចជា៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, វិស័យអប់រំ, អភិបាលកិច្ច, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខភាព, គាំពារសង្គម, ការពង្រឹងវិស័យវាយនភណ្ឌ និងកំណែ-ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
អាល្លឺម៉ង់ក៏ជាដៃគូទ្វេភាគីដ៏សំខាន់ ក្នុងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះ អាល្លឺម៉ង់បានគាំទ្រកម្មវិធីជាបន្តបន្ទាប់ រួមមាន៖ ១. កម្មវិធីពង្រឹងការបំពេញការងារគណនេយ្យភាព និងការចូលរួមរបស់សង្គមស៊ីវិលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, ២. កម្មវិធីគាំទ្រកំណែទម្រង់វិមជ្ឈការ និងកំណែទម្រង់រដ្ឋបាល ៣. កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី១ ដែលកម្មវិធីនេះបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៥, និង ៤. កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជាដំណាក់កាលទី២ (ISD 2) ក្នុងទឹកប្រាក់សរុបចំនួន ១៨.៤ លានអឺរ៉ូ (ហិរញ្ញប្បទានឥតសំណង) ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីដើមឆ្នាំ ២០២៦ នេះ ។
ជាមួយគ្នានេះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាព សង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដែលជារួមកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ មាន ៥.៣% និងតាមការប៉ាន់ស្មានសម្រាប់ឆ្នាំ ២០២៦ នេះ មានការថមថយមកត្រឹម ៤.២% និងបានជម្រាបជូនផងដែរអំពីកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោក, បញ្ហាសង្គ្រាមនៅបញ្ឍិមបូព៌ា, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច, សកម្មភាពអាជីវកម្ម, និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាដើម ។
នាឱកាសនោះលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងរក្សាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក។ អាល្លឺម៉ង់ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។
ទន្ទឹមនេះលោក Werner Gatzer ក៏បានជម្រាបជូនអំពីកម្មវត្ថុនៃបេសកកម្មរបស់លោកមកកម្ពុជាលើកនេះ គឺមានគោលបំណងសិក្សាវាយតម្លៃលើការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់កម្ពុជាបច្ចុប្បន្ន ដើម្បីកំណត់បញ្ហាប្រឈមលើក្របខណ្ឌគោលនយោបាយ ដែលជះឥទ្ធិពលដល់ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងនឹងចែករំលែកនូវមេរៀន និងបទពិសោធន៍ល្អៗពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពីប្រទេសអាលឺម្ល៉ង់ ។
ជាថ្មីម្តងទៀត អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ដែលបាន និងបន្ដគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងបានជូនពរលោកឯកអគ្គរដ្ឋទូត ដែលនឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ទទួលបានជោគជ័យនាឱកាសបេសកកម្មថ្មីៗ និងលោក Werner Gatzer ព្រមទាំងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរបេសកកម្មរបស់ខ្លួននៅកម្ពុជា៕







