អនុប្រធានទី២ ព្រឹទ្ធសភានិងលេខាធិការបក្សខេត្តកានស៊ូ បញ្ជាក់ថាមិត្តភាពដែកថែបកម្ពុជា-ចិន ជារៀងរហូត និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ
02-06-2026 13:08
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានជួបពិភាក្សាជាមួយលោក ហ៊ូ ឆាងសឹង លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តកានស៊ូ។ ក្នុងជំនួបនោះ លោកបណ្ឌិតបានបញ្ជាក់ពីជំហរនយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រឥតងាករេចំពោះ «នយោបាយចិនតែមួយ» ហើយប្រទេសចិន និងបក្សកុម្មុយនីស្តចិន គឺជាបងប្អូនដ៏ល្អ រួមគ្នាកសាងសហគមន៍ជោគវាសនារួមគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី។
ជាមួយគ្នានេះ លោកបណ្ឌិត បានឯកភាព និងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ កសិកម្ម វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាខេត្តនៃប្រទេសកម្ពុជា និងខេត្តកានស៊ូ។ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញលោក ហ៊ូ ឆាងសឹង និងអ្នកវិនិយោគក្នុងខេត្តកានស៊ូ មកទស្សនាកម្ពុជា និងស្វែងយល់ពីឱកាសធុរកិច្ច និងសក្តានុពលនានារបស់កម្ពុជា។
សូមជម្រាបថាក្នុងកិច្ចពិភាក្សាអំពីបញ្ហាសន្តិសុខ និងស្ថិរភាពតំបន់ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានរំលេចពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ទោះបីជាបច្ចុប្បន្នស្ថានភាពមានភាពស្មុគ្រស្មាញខ្លះៗក៏ដោយ ប៉ុន្តែតាមរយៈការសម្របសម្រួលរបស់ចិន និងការយកចិត្តទុកដាក់ខ្ពស់របស់ចិន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកយន្តការអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាស្នូល ស្ថានភាពព្រំដែនកម្ពុជា-ថៃនឹងត្រឡប់ទៅរកប្រក្រតីភាពវិញនាពេលខាងមុខជាមិនខាន៕




