FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញការអាដហុក ICC-Angkor/Sambor Prei Kuk ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

02-06-2026 13:05

(សៀមរាប)៖ ក្រុមអ្នកជំនាញការអាដហុក (Ad hoc) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈ មុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។

សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំនាញការ បានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរែ ប្រាសាទតាព្រហ្ម។

នៅក្នុងដំណើរការចុះពិនិត្យនេះ ក្រុមអ្នកជំនាញការបានស្តាប់ការធ្វើបទបង្ហាញយ៉ាងលម្អិត បង្ហាញដោយអ្នកជំនាញការដ្ឋាននីមួយៗ អំពីវឌ្ឍនភាពការងារ បច្ចេកទេស និងបញ្ហាប្រឈម ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងមតិណែនាំសំខាន់ៗបន្ថែមទៀត ដើម្បីធានាឱ្យការងារអភិរក្ស និងជួសជុលកាន់តែមានគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កម្រិតអន្តរជាតិ។

គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នឹងផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕