ព្រឹទ្ធសភា ចេញញ្ញត្តិគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
02-06-2026 12:45
(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជា មូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
ព្រឹទ្ធសភាបានជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ នៅចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគី ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាង ប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព។ ព្រឹទ្ធសភា បានសង្ឃឹមជឿជាក់ថា យន្តការផ្សះផ្សាដោយបង្ខំនេះ នឹងរួមចំណែកបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌ តម្លាភាព និង ចីរភាព សំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជាប្រយោជន៍រួមរបស់ ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងស្មារតីនេះ ព្រឹទ្ធសភាសូមសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីម្ខាងទៀតនឹង ប្រកាន់ខ្ជាប់ឆន្ទៈនៃការចូលរួមយន្តការនេះ ដែលជាការលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងស្រប តាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
ព្រឹទ្ធសភាសូមអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន បន្តរក្សាសាមគ្គីភាពជាតិ និង ជឿជាក់លើការដឹកនាំ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាក្នុង ការការពារ អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់កម្ពុជា ដោយផ្អែកលើគោលការណ៍ ច្បាប់អន្តរជាតិ សន្តិវិធី និងកិច្ចសហប្រតិបត្តិការ។
ព្រឹទ្ធសភា សូមបញ្ជាក់សាជាថ្មីថា ការគោរពគោលការណ៍នីតិរដ្ឋ នយោបាយអ្នកជិតខាងល្អ និងការដោះស្រាយវិវាទដោយសន្តិវិធី នៅតែជាមាគ៌ាដ៏គួរឱ្យទុកចិត្តបំផុតឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់៕




