សម្ដេចតេជោ ហ៊ុន សែន៖ ៥ខែឆ្នាំ២០២៦ ចំណូលពន្ធដារមានជាង៥៣ភាគរយទៅហើយ, អ្នកខ្លះឃើញកម្ពុជាបោះពុម្ពប្រាក់ត្រឹម១លានដុល្លារក៏ថា «កម្ពុជាអស់លុយ», កម្ពុជាមិនបានអស់លុយទេ ចំណូលបច្ចុប្បន្នមិនត្រូវនិយាយខ្ទង់លានទេ តែខ្ទង់ពាន់លាន (Video inside)
02-06-2026 12:40
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានលើកឡើងថា ត្រឹមរយៈពេល ៥ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៦នេះ ចំណូលពន្ធដារកម្ពុជា បានកើនដល់ជាង៥៣ភាគរយ។ ដូច្នេះ សម្ដេចបានផ្ដាំដល់អ្នកដែលឃើញកម្ពុជាបោះពុម្ភក្រដាសប្រាក់ថា «កម្ពុជាអស់លុយ» ដួលរលំនោះ ឱ្យដឹងថា «កម្ពុជាមិនបានអស់លុយទេ» ហើយបើនិយាយពីចំណូលបច្ចុប្បន្នវិញ មិនត្រូវនិយាយខ្ទង់លានទេ គឺខ្ទង់ពាន់លានឯណោះ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេច ទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «មុននេះបានឃើញតួលេខដែលបានបង្ហាញថា ៥ខែនៃចំណូលពន្ធដារបាន ដល់ទៅជាង៥៣ភាគរយរួចស្រេចទៅហើយ [.....] អ្នកខ្លះគ្រាន់តែឃើញយើងបោះពុម្ពប្រាក់ សម្រាប់ជាឱកាសបុណ្យទានដូចជា ព្រះករុណាព្រះអង្គគ្រងរាជ្យជាដើម ជននោះចោទថា កម្ពុជាយើងខ្វះលុយ បើគិតជាប្រាក់រៀលបោះពុម្ពត្រឹម៥ពាន់លានរៀល ស្មើប្រមាណជាង១លានដុល្លារប៉ុណ្ណោះ»។
សម្ដេចតេជោបានថ្លែងបន្ដថា «ខ្ញុំសូមផ្ដាំដល់ជនទាំងនោះថា ស្រុកខ្មែរឥឡូវនេះ គេអត់និយាយសិបលាន, ឬនិយាយរយលាននោះដែរ ប៉ុន្ដែគេនិយាយពាន់លាន ដូច្នេះចង់ឲ្យរាជរដ្ឋាភិបាលដួលរលំ កុំសង្ឃឹមឲ្យសោះ គ្រាន់តែត្រឹមពន្ធដារមួយស្មើនឹង៥៣ភាគរយ ហើយចំនួនជាទឹកប្រាក់ជាង២ពាន់លាន បូកជាមួយនឹងគយឡើងជាង៣ពាន់៥រយលាន នេះគ្រាន់តែជាចំណូលសារពើពន្ធ នៅមិនទាន់គិតពីចំណូលមិនមែនសារពើពន្ធទៀតផង ដូច្នេះសូមកុំគិតថា រាជរដ្ឋាភិបាលអត់លុយ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា ជាការពិតអ្វីដែលយើងត្រូវការគឺចំណាយចរន្ដ ហើយចំណាយចរន្ដរបស់យើងគឺមិនឲ្យខ្វះនោះឡើយ៕
