ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ
02-06-2026 11:36
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។ អគារថ្មីនេះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាអគាររដ្ឋដែលធំជាងគេ ដោយត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន៤ជាន់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភា អន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែសីហា ខាងមុខនេះ ដោយយកអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារជាទីតាំង
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ជាអគាររដ្ឋធំជាងគេនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងមានការផ្សព្វផ្សាយសារសំខាន់ទៅកាន់ប្រជាពលរដ្ឋ នៅម៉ោង១១ព្រឹកនេះ
* សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលឡប់ប៊ីខ្ញុំឱ្យួយល់ខុស មិនទាន់កើត ឬមិនទាន់ចាប់ជាតិនៅឡើយទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានជ្រើសរើស លោក គង់ វិបុល ដើម្បីដឹកនាំពន្ធដារ គឺជាជម្រើសដ៏ត្រឹមត្រូវ ដែលធ្វើកំណែទម្រង់ពន្ធដារ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៥ខែនៃចំណូលពន្ធដារ ឆ្នាំ២០២៦ បានទៅដល់ជាង៥៣ភាគរយ រួចស្រេចទៅហើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះគ្រាន់តែឃើញកម្ពុជាបោះប្រាក់សម្រាប់ឱកាសព្រះរាជពិធីបុណ្យព្រះមហាក្សត្រ គេថាកម្ពុជាអស់លុយ ដែលការបោះនេះ ត្រឹម ១លានដុល្លារប៉ុណ្ណោះ តែស្រុកខ្មែរចំណូលបច្ចុប្បន្ន មិននិយាយខ្ទង់លានទេ តែខ្ទង់ពាន់លាន
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយមដែលចង់ឱ្យរដ្ឋាភិបាលដូលរលំថា កម្ពុជាមិនបានអស់លុយទេ ហើយពេលនេះប្រាក់ខែមន្រ្តីរាជការបានបើក២ដងក្នុង១ខែថែមទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ កម្ពុជាចំណេញប្រាក់មិនក្រោម១ពាន់លានដុល្លារនោះទេ តាមរយៈ «យុទ្ធសាស្ត្រសេះដូរសេះ» ដែលសម្តេចដាក់ចេញកាលនៅជានាយករដ្ឋមន្រ្តី ដោយក្នុងនោះមានដូចជា ការដោះដូរអគារជាដើម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់បឹងកក់បើសិនជាមិនអភិវឌ្ឍទេ ពេលនេះមិនដឹងក្លាយជាស្អីនោះទេ ពេលនោះគ្រាន់តែជាកន្លែងបញ្ចេញទឹកស្អុយ ពេលនោះមានអ្នកចេញសម្តេចមិនតិចទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុងភ្នំពេញពីបុរាណមកជាតំបន់ទឹកលិចទេ ប៉ុន្តែត្រូវបានសាងសង់បណ្តើរៗដោយ សម្តេចនរោត្តម សីហនុ រហូតមកដល់ពេលសម្តេចដឹកនាំរហូតដល់បច្ចុប្បន្ន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ជ្រោយចង្វារពីដើមជាកន្លែងដាំត្រកួន ព្រៃត្រែង ប៉ុន្តែឥឡូវទៅជាទីក្រុងមួយដែលស្រស់ស្អាត ដែលអាចប្រជុំខ្នាតអន្តរជាតិបាន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំនឹងយកអគារថ្មីពន្ធដារសម្រាប់កិច្ចប្រជុំអន្តរជាតិ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បឹងតាមោក ពីមុនជេរខ្ញុំនោះជេរ។ សម្តេចរំលឹកថា កាលមុនបឹងតាមោក ពលរដ្ឋព្រួយបារម្ភរឿងបាក់ទំនប់ ហើយកាលមុនបឹងនេះមិនមែនជាកន្លែងស្តុកទឹកទេ តែពេលនេះយកតំបន់នេះជាទីក្រុងមួយទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បឹងតាមោកមិនមែនជាកន្លែងស្តុកទឹកពីមុនទេ តែជាកន្លែងទឹកបុក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់អំពី រដ្ឋការ និងរាជការ។ រដ្ឋការ សំដៅលើសាធារណរដ្ឋ ចំណែករាជការ សំដៅលើរាជានិយម ហើយកម្ពុជាកាលមុន នៅពេលបឹងតាមោកស្ថិតនៅក្នុងខេត្តកណ្តាល គឺនៅជារដ្ឋការនៅឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនិយាយថាផ្តួលត្រកូលហ៊ុន ឱ្យដេកចាំទៅ នរណាដែលប៉ុនប៉ងផ្តួលរំលំ ងើបមួយវ៉ៃមួយ
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកដែលចង់ផ្តួលត្រកូលហ៊ុន ទោះជាមិនមានត្រកូលហ៊ុន ក៏មិនទាន់ដល់ពួកឯងដែរ នៅតែជាក្រុមទេវតាដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជា ហ៊ុន ម៉ាណែត មិនដឹកនាំពេលនេះ ក៏មិនទាន់ដល់ត្រកូលសម នោះដែរ យ៉ាងហោចណាស់ក៏មានត្រកូលផ្សេងនៅក្នុងគណបក្សប្រជាជន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនិយាយកាច តែសម្តេចធិបតី ហ៊ុន ម៉ាណែត និយាយញញឹមៗ ដោយសារកាត់ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
* សម្តេចតេជោ បានបញ្ចប់ការថ្លែងសុន្ទរកថា ម៉ោង១១៖០០នាទីព្រឹក៕











