មន្ទីរអប់រំខេត្តអានហួយ បន្តសហការជាមួយគណៈកម្មាធិការ អាហារូបករណ៍ អ.ម.ត ក្នុងការពង្រីកវិសាលភាព អាហារូបករណ៍ដល់និស្សិតកម្ពុជា
02-06-2026 11:33
(អានហួយ,ចិន)៖ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ លោក Lu Peng អនុប្រធានមន្ទីរអប់រំខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី។
ថ្លែងក្នុងជំនួបនេះ លោក ឡាវ វ៉ាន់ បាននាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ជូនដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបាននិងកំពុងផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អជូនគណៈកម្មាធិការអាហារូបករណ៍ក្នុងការបញ្ជូននិស្សិតទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
លោកបានបន្តគូសបញ្ជាក់ អំពីសម្ទុះរបស់បេក្ខជនដាក់ពាក្យប្រកួតប្រជែង ស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈសេចក្តីជូនដំណឹង របស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ។ លើសពីនេះ លោកបានគូសរំលេចថា ការផ្តល់ ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា និងការសម្រាំង យកនិស្សិតមានឆន្ទៈពិតប្រាកដទៅបន្តការសិក្សា គឺជាការរួមចំណែក កសាងធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០។
ជាការឆ្លើយតប លោក Lu Peng អនុប្រធានមន្ទីរអប់រំខេត្តអានហួយ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងមន្ទីរអប់រំខេត្ត ។ លោក បានបន្តទៀតថា កត្តាធនធានមនុស្ស ជាកត្តាស្នូល ក្នុងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ក្នុងស្មារតីនេះ ក្នុងនាមជាស្ថាប័នទទួលបន្ទុកលើកិច្ចការអប់រំ នៅខេត្តអានហួយ មន្ទីរអប់រំនឹងបន្តសហការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ដើម្បីចូលរួមពង្រីកធនធានមនុស្ស តាមរយៈការបង្កើន ចំនួននិស្សិតកម្ពុជាមកសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ទាំងក្របខ័ណ្ឌជំនាញវិជ្ជាជីវៈ និងថ្នាក់ឧត្តមសិក្សា៕











