កម្លាំងនគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួល ស្រុកចន្ទ្រា
02-06-2026 11:25
(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល របស់លោក សុខ ដាវី ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ០៤នាក់ ស្រី ០១នាក់ (ជនជាតិចិន ០១នាក់ ប្រុស, ជនជាតិវៀតណាម ០៣នាក់ ស្រី ០១នាក់)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្ន។










