FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងគណៈប្រតិភូ FASMEC ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតទឹកត្រីង៉ូវហេង ខេត្តកំពត

02-06-2026 10:41

(ខេត្តកំពត)៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងគណៈប្រតិភូសមាគម អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ដោយផ្ទាល់នៅរោងចក្រផលិតទឹកត្រីង៉ូវហេង ដែលជាសហគ្រាសផលិតកម្មខ្មែរដ៏ល្បីល្បាញមួយ ស្ថិតនៅក្នុងខេត្តកំពត។

ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រពីគំរូអាជីវកម្មជោគជ័យ ព្រមទាំងស្វែងយល់អំពីការគ្រប់គ្រងផលិតកម្ម ស្តង់ដារគុណភាព និងយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាស ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូបានស្វែងយល់ពីដំណើរការផលិតទឹកត្រីចាប់ពីការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ការផ្អាប់បន្ទំតាមបច្ចេកទេសស្តង់ដារ រហូតដល់ដំណាក់កាលច្រកដប និងវេចខ្ចប់ផលិតផលសម្រេច។ ក្រុមការងារគ្រប់គ្រងរោងចក្រក៏បានចែករំលែកអំពីវិធានការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីធានាបាននូវស្តង់ដារផលិតផលសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ និងសមាជិកក្រុមប្រឹក្សាភិបាល FASMEC បានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំសហគ្រាសអំពីយុទ្ធសាស្ត្រពង្រីកទីផ្សារ ការអភិវឌ្ឍម៉ាកយីហោ ការរក្សាគុណភាពផលិតផលស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងបរិបទទសេដ្ឋកិច្ច និងការប្រកួតប្រជែងបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់រោងចក្រទឹកត្រីង៉ូវហេង ដែលបានរក្សានូវរសជាតិបែបប្រពៃណី គុណភាពខ្ពស់ និងកេរ្តិ៍ឈ្មោះល្អរបស់ផលិតផលខ្មែរ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកបានចាត់ទុកសហគ្រាសនេះជាគំរូជោគជ័យមួយសម្រាប់សហគ្រាសក្នុងស្រុកក្នុងការអភិវឌ្ឍផលិតផលដែលមានអត្តសញ្ញាណជាតិ និងសក្តានុពលប្រកួតប្រជែងលើទីផ្សារ។

ទស្សនកិច្ចសិក្សានេះបានបញ្ចប់ទៅដោយជោគជ័យ និងបរិយាកាសស្និទ្ធស្នាល ដោយបានផ្តល់នូវចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិតថ្មីៗដល់សមាជិក FASMEC ដើម្បីយកទៅអនុវត្តក្នុងការអភិវឌ្ឍអាជីវកម្មរៀងៗខ្លួន និងរួមចំណែកលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងចីរភាព៕⁩