ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»
02-06-2026 10:30
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»។
វេទិកាពិភាក្សានេះបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន មន្ត្រីនាំពាក្យរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិ មកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់។
ដោយទទួលបានការគាំទ្រពីមូលនិធិពិសេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពីសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមករវាងវាគ្មិនមកពីប្រទេសជាសមាជិកមហាអនុតំបន់ មេគង្គពាក់ព័ន្ធនឹងប្រភេទនៃព័ត៌មានក្លែងក្លាយដែលបាននឹងកំពុងរីករាលដាលនៅក្នុងប្រទេសជាសមាជិក បញ្ហាប្រឈមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ យន្តការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថលក្នុងចំណោមប្រជាជននៃប្រទេសមហាអនុតំបន់មេគង្គ តួនាទីរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងការទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាពិសេសវិធានការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងមហាអនុតំបន់មេគង្គ។
តាមការរំពឹងទុកវេទិកានេះនឹងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានភាន់ច្រឡំដែលបាននឹងកំពុងក្លាយជាក្តីកង្វល់ និងបង្កហានិភ័យខ្ពស់នៅក្នុងតំបន់ និងនៅលើសកលលោក។
ទន្ទឹមនេះដែរ វេទិកានេះនឹងរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជននៅក្នុងតំបន់ និងសកលលោក តាមរយៈការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការពង្រឹងភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយទទួលខុសត្រូវខ្ពស់។
វេទិកានេះនឹងជួយពង្រឹងតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក៏ដូចប្រទេសផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ ជាពិសេសព័ត៌មានក្លែងក្លាយបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ដែលបាននិងកំពុងចរាចរនៅលើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។
ខណៈដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យការទទួល និងផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពងាយស្រួល រហ័ស ប៉ុន្តែវាក៏បង្កហានិភ័យខ្ពស់ ដែលយើងទាំងអស់គ្នាមិនថាតែកម្ពុជា ឬប្រទេសណាមួយឡើយ ចាំបាច់ត្រូវចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានមិនពិត៕






















