FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះ MoU ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»

02-06-2026 09:59

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការក្រសួងទាំងពីរ, ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រីមន្ត្រីរាជការនៃក្រសួងទាំងពីរ សរុបប្រមាណ ១០០នាក់។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ និងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទរវាងក្រសួងទាំងពីរ ដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ ចំនួន៣ រួមមាន៖ ទី១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដើម្បីលើកម្ពស់វិស័យទេសចរណ៍ និងជំរុញការកសាងសម្បទា ទេសចរណ៍នៅតំបន់ជនបទ ពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ជនបទ ការផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ អភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ដើម្បីបង្កើនចំណូលរបស់ប្រជាជននៅតាមជនបទ, ទី២៖ បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជំរុញកំណើនភ្ញៀវទេសចរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងទី៣៖ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ ជូនចំពោះរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចកាល បានខិតខំប្រឹងប្រែងរួបរួមសាមគ្គីបំពេញបេសកកម្ម ដែលរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក សំដៅចូលរួមកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។ មិនតែប៉ុណ្ណោះ, ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី, បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចូលរួមចំណែកគាំទ្រ លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានលើកឡើងផងដែរថា ដោយទទួលបានគោលកាណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងទេសចរណ៍ បានបន្តការអនុវត្តយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ខែតុលា ដោយមានចក្ខុវិស័យសំខាន់ៗ ចំនួន៣៖ គឺ ទី១៖ ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ, ទី២៖ ជំរុញចលនាទេសចរណ៍ក្នុងស្រុក, និង ទី៣៖ ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង សំដៅជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍ និងជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ ចំនួន៦រួមមាន៖ ១៖ ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ២៖ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, ៣៖ ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភា្ជប់ការធ្វើដំណើរ, ៤៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ៥៖ ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងមានភាពទាក់ទាញ, និង៦៖ ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងស្របតាមទស្សនទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»