ពោធិ៍សាត់ប្រែមុខមាត់ថ្មី! គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង ៥ដំណាក់កាល ក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រទាក់ទាញទេសចរ និងការគាំទ្រពេញទំហឹងពីពលរដ្ឋ (Photos inside)
02-06-2026 09:45
(ពោធិ៍សាត់)៖ គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង កំពុងត្រូវបានអនុវត្តយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើនកន្លែងកម្សាន្ត និងកែលម្អអនាម័យបរិស្ថាន។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត គម្រោងអភិវឌ្ឍន៍ «ច្រាំងស្ទឹងពោធិ៍សាត់» បាននិងកំពុងដំណើរការទៅមុខយ៉ាងរលូនតាមដំណាក់កាល ដែលធ្វើឱ្យប្រជាពលរដ្ឋជិតឆ្ងាយ សម្តែងការកោតសរសើរមិនដាច់ពីមាត់ ចំពោះយន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
គម្រោងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់នេះ បានចាប់ផ្តើមបើកការដ្ឋានដំបូង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយគិតមកទល់ពេលនេះ មានរយៈពេល ២ឆ្នាំ ២ខែ និង២០ថ្ងៃហើយ ដែលសកម្មភាពស្ថាបនាត្រូវបានអនុវត្តជារៀងរាល់ថ្ងៃ គ្មានស្រាកស្រាន្ត។
*ដំណាក់កាលទី១៖ ចាប់ពីចំណុចស្ពានថ្មថ្មី (មុខវត្តបន្ទាយដី) រហូតដល់ក្បាលហុង ត្រើយខាងកើតស្ទឹង។
*ដំណាក់កាលទី២៖ ចាប់ពីចំណុចស្ពានក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ត្រើយខាងលិចស្ទឹង។
*ដំណាក់កាលទី៣៖ ចាប់ពីស្ពានអាកាសផ្លូវវាងក្រុង ដល់ភូមិបណ្តុះសណ្តែក (មុខវត្តកែវសុវណ្ណ) ត្រើយខាងកើតស្ទឹង។
*ដំណាក់កាលទី៤៖ ចាប់ពីស្ពានថ្មថ្មី រហូតដល់ស្ពានថ្ម ផ្លូវជាតិលេខ៥ចាស់ ត្រើយខាងកើតស្ទឹង។
*ដំណាក់កាលទី៥ (បច្ចុប្បន្ន)៖ ចាប់ពីស្ពានថ្ម ផ្លូវជាតិលេខ៥ចាស់ រហូតដល់ស្ពានដែក ត្រើយខាងកើត និងត្រើយខាងលិចស្ទឹង។
គម្រោងរៀបចំច្រាំងស្ទឹងនេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ខេត្តពោធិ៍សាត់ ក្នុងវិស័យទេសចរណ៍ និងការបង្កើតលំហបៃតងសាធារណៈ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋសម្រាប់ហាត់ប្រាណ កម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
ចំពោះការដោះស្រាយផលប៉ះពាល់លើសំណង់មិនរៀបរយតាមមាត់ស្ទឹង រដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកកណ្តៀង បានចុះអប់រំ ផ្សព្វផ្សាយពីសារៈសំខាន់នៃសណ្តាប់ធ្នាប់ និងបរិស្ថាន រហូតទទួលបានការស្ម័គ្រចិត្តរុះរើពីប្រជាពលរដ្ឋ។ ជាការដោះដូរ រដ្ឋបាលខេត្តបានរៀបចំជូននូវដីឡូតិ៍ថ្មី ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។ ដោយឡែក ចំពោះករណីពលរដ្ឋមួយគ្រួសារ ដែលនៅរឹងទទឹងមិនទាន់ចូលរួមសហការ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នឹងបន្តខិតខំសម្របសម្រួល ផ្សព្វផ្សាយ និងពន្យល់ណែនាំបន្ថែមដោយអត់ធ្មត់ មុននឹងឈានដល់ការអនុវត្តវិធានការច្បាប់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ខូយ រីដា បានបញ្ជាក់ថា គោលបំណងធំបំផុតនៃការអភិវឌ្ឍនេះ គឺចង់ឃើញខេត្តពោធិ៍សាត់មានសោភ័ណភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ស្របតាមការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រែមុខមាត់ខេត្តមួយនេះជាប្រវត្តិសាស្ត្រ ក្នុងអាណត្តិដឹកនាំរបស់លោក។
លោកបន្តថា ក្រៅពីគម្រោងច្រាំងស្ទឹង សមិទ្ធផលដែលទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ រួមមាន៖ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រភេទ Solar LED តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលរាត្រី, ការដាក់ចេញបទបញ្ជាក្តៅ និងម៉ឺងម៉ាត់ «មានសំរាម អត់អភិបាលស្រុក/ក្រុង មានអភិបាលស្រុក/ក្រុង អត់សំរាម! មានសំរាម អត់មេឃុំ/ចៅសង្កាត់ មានមេឃុំ/ចៅសង្កាត់ អត់សំរាម!» និងការជំរុញចលនាដាំដើមឈើលម្អតាមដងផ្លូវសំខាន់ៗ និងទីប្រជុំជន ដែលប្តេជ្ញាសម្រេចឱ្យបានជោគជ័យពេញលេញ ក្នុងឆ្នាំ ឆ្នាំ២០២៦នេះ៕

































