ធ្វើជូនតាមសន្យា, គម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដោយក្រសួងបរិស្ថាន តាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (Video inside)
01-06-2026 22:25
(កំពង់ស្ពឺ)៖ គម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដោយក្រសួងបរិស្ថាន តាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងនេះ មានគោលដៅក្នុងការពង្រឹងលើការផ្តល់សេវាកម្មរបស់សហគមន៍ឱ្យកាន់តែប្រសើរ ពិេសស សហគមន៍អាចធ្វើជាម្ចាស់គ្រប់គ្រងសមិទ្ធផលដោយផ្ទាល់ និងបែងចែករចនាសម្ព័ន្ធការងារ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងសហគមន៍បានកាន់តែប្រសើរឡើង។
បន្ថែមពីនេះ សហគមន៍ក៏អាចនឹងមានលទ្ធភាពក្នុងការផ្សព្វផ្សាយពីផលិតផលរបស់សហគមន៍ ជូនដល់អ្នកទេសចរជាមួយនឹងផ្សារសហគមន៍ ដែលបានកសាងរួចរាល់ សំដៅបង្កើនផលិតកម្មក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាសហគមន៍ ចំនួន ១១៨គ្រួសារ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងជាផ្នែកមួយក្នុងការលើកមុខមាត់វិស័យទេសចរណ៍ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលបលួចធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។ ដំណើរនេះ មិនមែនជាដំណើរ ដើម្បីតែគយគន់ សម្រស់ភ្នំខ្នងផ្សារនោះទេ តែជាដំណើរមួយដើម្បីពិនិត្យពិច្ច័យកែខៃច្នៃ ឱ្យទីឋានធម្មជាតិដ៏ពិសិដ្ឋភ្នំខ្នងផ្សារឱ្យក្លាយទៅជាកន្លែងកម្សាន្ត និងទាញយកប្រយោជន៍សេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍សម្តេចបានសម្រេច៖
១. ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖
* សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ
* សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវា ជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។
* សិក្សាធ្វើអោយប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់ នៅតំបន់ជើងភ្នំផងដែរ។
២៖ ប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការសម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។
ទាំងនេះនឹងអាចចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕
