អាជ្ញាធរខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ក្នុងបុរីហាយធិចតាងៅ រកឃើញជនជាតិវៀតណាម១១នាក់ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន
01-06-2026 22:08
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមានការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិចតាងៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាលទ្ធផលក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពបានត្រួតពិនិត្យរួចមក ឃើញថានៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិច ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី០៣នាក់) មានលិខិតឆ្លងដែន ចំនួន០៣នាក់(ស្រី) និងគ្មានលិខិតឆ្លងដែនទាំង០៨នាក់(ប្រុស) បានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះសមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងបទល្មើស ដូចខាងក្រោម៖
-ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ នៅក្នុងបន្ទប់គេងខាងមុខ ជាន់ទី១
-ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ នៅក្នុងបន្ទប់គេងខាងមុខ ជាន់ទី២
-បំពង់សម្រាប់ជក់កញ្ឆាចំនួន០១ នៅក្នុងផ្ទះបាយជាន់ផ្ទាល់ដី
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
ចំពោះវត្ថុតាងខាងលើ ព្រមទាំងជនសង្ស័យទាំង១១នាក់ បានប្រគល់ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕





