FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ សង្រ្គាម ប្រតិបត្តិការពិសេស និងការវាយប្រហារតាមផ្លូវអាកាស ក្រោមអាណត្តិរបស់លោក ត្រាំ

01-06-2026 21:25

(វ៉ាស៊ីនតោន)៖ កាលពីអាណត្តិទី១ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗលើសង្រ្គាមរបស់ប្រធានាធិបតីអាមេរិកមុនៗថាជាការខ្ជះខ្ជាយធនធានរបស់សហរដ្ឋអាមេរិក ហើយបានសន្យាថារូបលោកនឹងមិនដឹកនាំសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាម ឬជម្លោះរយៈពេលវែងណាមួយឡើយ។ «ប្រជាជាតិមួយដ៏អស្ចារ្យគឺមិនប្រយុទ្ធក្នុងសង្រ្គាមដែលគ្មានទីបញ្ចប់នោះទេ»។ នេះជាការលើកឡើងរបស់លោក ត្រាំ កាលពីឆ្នាំ២០១៩ អំឡុងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធ។ រហូតដល់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទី២ លោក ត្រាំ បានចាត់ទុកខ្លួនឯងជា «បេក្ខជនប្រធានាធិបតីនៃសន្តិភាព»។ ប៉ុន្តែការពិតខុសពីអ្វីដែលលោកបានសន្យាទាំងអស់។

ចាប់តាំងពីត្រឡប់មកកាន់អំណាចមក លោក ត្រាំ បានដឹកនាំសហរដ្ឋអាមេរិកចូលរួមក្នុងប្រតិបត្តិការយោធាជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងសង្រ្គាមជាមួយអ៉ីរ៉ង់ និងប្រតិបត្តិការយោធា ពិសេសដែលសម្រេចបានជោគជ័យក្នុងការចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ ខាងក្រោមនេះជាសង្រ្គាម និងប្រតិបត្តិការយោធាពិសេសនៅក្រោមអាណត្តិទី២ របស់លោក ត្រាំ៖

១. សូម៉ាលី (ខែកុម្ភៈ ឆ្នាំ២០២៥)
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មិនយូរប៉ុន្មានក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ លោក ត្រាំ បានចេញបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស ជាបន្តបន្ទាប់លើមូលដ្ឋានរបស់ក្រុម ISIS ស្ថិតនៅភាគខាងជើងប្រទេសសូម៉ាលី។ រដ្ឋបាលលោក ត្រាំ បានសាទរការវាយប្រហារនេះជាការចាប់ផ្ដើមនៃការបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងតំបន់ ស្នែងអាហ្វ្រិក។ ក្នុងឆ្នាំ២០២៥ យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសច្រើនជាង ១០០លើកប្រឆាំងនឹងក្រុម ISIS​ និងក្រុម Al Shabab ដែលជាក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដា។

ស្ថានភាពបច្ចុប្បន្ន៖ សហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារតាមផ្លូវអាកាសលើ ISIS​ និងក្រុម Al Shabab ក្នុងឆ្នាំ២០២៦។

២. អ៉ីរ៉ាក់ (ខែមីនា ឆ្នាំ២០២៥)
នៅក្នុងការធ្វើប្រតិបត្តិការរួមគ្នា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងអ៉ីរ៉ាក់បានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ពួក ISIS ដែលត្រូវបានជឿជាក់ថាមេដឹកនាំរបស់ក្រុមភេរវករ មួយនេះក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។

ស្ថានភាពបច្ចុប្បន្ន៖ ក្រុម ISIS​ នៅតែបន្តធ្វើប្រតិបត្តិការក្នុងប្រទេសអ៉ីរ៉ាក់ ប៉ុន្តែមិនគ្រប់គ្រងទឹកដីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

៣. យេម៉ែន (ខែមីនា ឆ្នាំ២០២៥)
ក្នុងខែមីនា ឆ្នាំ២០២៥ យោធាអាមេរិកបានបើកប្រតិបត្តិការយោធាមួយឈ្មោះថា «Operation Rough Rider» ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសយេម៉ែន។ គ្រាន់តែ ១ខែដំបូង សហរដ្ឋអាមេរិក បានប្រើប្រាស់អាវុធ និងគ្រាប់រំសេវអស់គិតជាទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ។ ក្រុមហ៊ូទីវិញបានបាញ់ទម្លាក់ដ្រូនអាមេរិក MQ-9 Reaper ជាច្រើនគ្រឿង និងបានបាញ់ប្រហារ លើនាវាចម្បាំងក្នុងតំបន់សមុទ្រក្រហម ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក។ ក្រោយមកទៀត យន្ដហោះចម្បាំង F/A-18 Super Hornets ២គ្រឿងដែល មួយគ្រឿងមានតម្លៃ ៦៧លានដុល្លារ និងធ្វើប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងដែលទទួលបន្ទុកធ្វើប្រតិបត្តិការវាយប្រហារលើក្រុមហ៊ូទី បានរអិលធ្លាក់ពីនាវាផ្ទុកយន្ដហោះចម្បាំងនោះ ចូលទៅក្នុងទឹកសមុទ្រ។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សេតវិមានបានបញ្ជាឱ្យទីបញ្ជាការកណ្ដាលអាមេរិកបញ្ឈប់ប្រតិបត្តិការវាយប្រហារ ខណៈលោក ត្រាំ ប្រកាសថារូបលោកបានឈានដល់ កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ូទី។

ស្ថានភាពបច្ចុប្បន្ន៖ ក្រុមហ៊ូទីបានវាយប្រហារលើកប៉ាល់មួយចំនួនតូចដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ធ្វើឱ្យកប៉ាល់ដឹកទំនិញមួយចំនួននៅតែបន្តចៀសវាងការធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹក ដ៏សំខាន់មួយនេះ។

៤. អ៉ីរ៉ង់ (ខែមិថុនា ឆ្នាំ២០២៥)
បន្ទាប់ពីការវាយប្រហារអស់ជាច្រើនថ្ងៃរបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ លោក ត្រាំ បានបើកប្រតិបត្តិការយោធាមានឈ្មោះថា «Operation Midnight Hammer» នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយយន្ដហោះទម្លាក់គ្រាប់បែក B-2 បានទម្លាក់គ្រាប់បែកកម្ទេចលេណដ្ឋានលើរោងចក្រនុយក្លេអ៊ែរ Fordo និង Natanz របស់អ៉ីរ៉ង់ ស្របពេលនាវាមុជទឹកមួយគ្រឿងបើកការវាយប្រហារលើ រោងចក្រនុយក្លេអ៊ែរក្នុងខេត្ត Isfahan។ លោក ត្រាំ បានអះអាងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានកម្ទេចរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។

ស្ថានភាពបច្ចុប្បន្ន៖ រដ្ឋបាលលោក ត្រាំ និងអ៉ីរ៉ងនៅតែបន្តជាប់គាំងក្នុងជម្លោះជុំវិញការបដិសេធរបស់អ៉ីរ៉ង់មិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។

៥. វ៉េណេស៊ុយអេឡា (ខែកញ្ញា ឆ្នាំ២០២៥)
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ យោធាអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារលើទូកនៅក្នុងតំបន់សមុទ្រ Caribbean និងប៉ាស៊ីហ្វិកភាគខាងកើតដែលរដ្ឋបាលលោក ត្រាំនិយាយថាជាទូករត់ពន្ធ គ្រឿងញៀន។ មកទល់នឹងពេលនេះ មានទូក ៥៩គ្រឿងត្រូវបានបាញ់កម្ទេច និងមនុស្សច្រើនជាង ២០០នាក់ត្រូវបានសម្លាប់។ ក្រុមអ្នកជំនាញផ្នែកច្បាប់បានចាត់ទុកថាការវាយប្រហារបែបនេះជា ការសម្លាប់មនុស្សដោយខុសច្បាប់ក្រៅប្រព័ន្ធតុលាការ។

ស្ថានភាពបច្ចុប្បន្ន៖ រដ្ឋបាលលោក ត្រាំ មិនបានផ្ដល់ព័ត៌មានលម្អិត ឬភស្តុតាងដែលបញ្ជាក់ថាទូកដែលរងការវាយប្រហារមានជាប់ពាក់ព័ន្ធនឹងក្នុងការរត់ពន្ធគ្រឿងញៀននោះទេ ហើយការវាយប្រហារ នៅតែបន្តធ្វើឡើង។

៦. ស៊ីរី (ខែធ្នូ ឆ្នាំ២០២៥)
សហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុម ISIS ក្នុងប្រទេសស៊ីរី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ជាការសងសឹកឱ្យទាហានអាមេរិក២នាក់ និងអ្នកបកប្រែជាជនស៊ីវិលម្នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់ក្រុម ISIS ដែលបានកើតឡើងមួយសប្ដាហ៍ មុននឹងយោធាអាមេរិកបើកការវាយប្រហារសងសឹក។ យោធាអាមេរិកបានប្រើយន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រ និងកាំភ្លើងធំបាញ់ផ្លោងច្រើនជាង ១០០គ្រាប់លើទីតាំង៧០កន្លែងសង្ស័យថាជាមូលដ្ឋានរបស់ក្រុម ISIS នៅទូទាំងភាគកណ្ដាលស៊ីរី។ មន្ទីរបញ្ចកោណបានឱ្យដឹងទៀតថាយន្ដហោះចម្បាំងហ្ស៊កដានី ក៏បានគាំទ្រដល់ប្រតិបត្តិការនេះដែរ។ មួយខែក្រោយមកទៀត គឺនៅខែមករា ឆ្នាំ២០២៦ យោធាអាមេរិកបានវាយប្រហារតាមផ្លូវអាកាសបន្ថែមលើក្រុម ISIS ក្នុងប្រទេសស៊ីរី។

ស្ថានភាពបច្ចុប្បន្ន៖ សហរដ្ឋអាមេរិកបានបញ្ចប់ការប្រគល់មូលដ្ឋានទ័ពសំខាន់ៗរបស់ខ្លួនក្នុងប្រទេសស៊ីរី និងកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើងនៅស៊ីរី។ ក្រុមមន្ត្រីយោធាអាមេរិកបាននិយាយថា កងទ័ពអាមេរិកនឹងបណ្ដុះបណ្ដាល ប្រឹក្សាយោបល់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងសន្តិសុខស៊ីរីមួយចំនួន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ក្នុងបរិបទដែលទំនាក់ទំនងរបស់អាមេរិក ជាមួយស៊ីរី មានភាពល្អប្រសើរឡើងវិញ ក្រោយការដួលរលំរបបដឹកនាំអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីចុងឆ្នាំ២០២៤។

៧. នីហ្សេរីយ៉ា (ខែធ្នូ ឆ្នាំ២០២៥)
ក្នុងថ្ងៃបុណ្យណូអែលក្នុងឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសលើភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ប្រឆាំងនឹងក្រុម ISIS ដែលលោក ត្រាំ បានចោទថាបានកាប់សម្លាប់ អ្នកកាន់សាសនាគ្រិស្ត។ ក្រុមមន្ត្រីនីហ្សេរីយ៉ា និងអ្នកជំនាញយោធាបាននិយាយថាក្រុម ISIS ក្នុងប្រទេសនីហ្សេរីយ៉ាក៏បានសម្លាប់អ្នកកាន់សាសនាអ៉ីស្លាមរាប់ពាន់នាក់ផងដែរ។

ស្ថានភាពបច្ចុប្បន្ន៖ ការវាយប្រយុទ្ធគ្នានៅតែបន្តកើតឡើង។

៨. វ៉េណេស៊ុយអេឡា (ខែមករា ឆ្នាំ២០២៦)
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ យោធាអាមេរិកបានបើកប្រតិបត្តិការពិសេសក្នុងការវាយឆ្មក់មួយលើរដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ។ យោធាអាមេរិកបានសម្លាប់អង្គរក្សលោក ម៉ាឌូរ៉ូ ជាច្រើននាក់ ហើយបានចាប់បញ្ជូនលោក ម៉ាឌូរ៉ូ និងភរិយាទៅកាត់ទោសនៅសហរដ្ឋអាមេរិក ពីបទភេរវកម្មគ្រឿងញៀន និងសមគំនិត ក្នុងការរត់ពន្ធគ្រឿងញៀន។ តែលោក ម៉ាឌូរ៉ូ និងភរិយាអះអាងថាខ្លួនមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

ស្ថានភាពបច្ចុប្បន្ន៖ សវនាការកាត់ទោសលោក ម៉ាឌូរ៉ូ អាចនឹងចំណាយពេលច្រើនខែ ឬអាចច្រើនឆ្នាំ ហើយបច្ចុប្បន្ន អនុប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ គឺលោកស្រី Delcy Rodríguez កំពុងកាន់តំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា។

៩. អ៉ីរ៉ង់ (ខែកុម្ភៈ ឆ្នាំ២០២៦)
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នាប្រឆាំងនឹងអ៉ីរ៉ង់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ (អ៉ីរ៉ង់អះអាងថាមានមនុស្សច្រើនជាង ២០០០នាក់បានស្លាប់) ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៉ីរ៉ងជាច្រើននាក់។ យោធាអាមេរិកវិញបានអះអាងថាទាហានអាមេរិក ១៣នាក់បានស្លាប់ ក្នុងការវាយប្រហារសងសឹករបស់អ៉ីរ៉ង់។ សង្រ្គាមអ៉ីរ៉ង់ដែលមន្ទីរបញ្ចកោណហៅថាប្រតិបត្តិការ «Operation Epic Fury» បាននាំទៅរកការបិទច្រកសមុទ្រ Hormuz ដែលបាន និងកំពុងធ្វើឱ្យ តម្លៃថាមពលឡើងថ្លៃនៅជុំវិញពិភពលោក។ អ៉ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីល និងដ្រូនលើអ៉ីស្រាអែល និងសម្ព័ន្ធមិត្ត រួមទាំងមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា។

ស្ថានភាពបច្ចុប្បន្ន៖ លោក ត្រាំបានប្រកាសបទឈប់បាញ់កាលពីខែមេសា ដើម្បីបើកផ្លូវចរចាជាមួយអ៉ីរ៉ង់។ សហរដ្ឋអាមេរិកបាន និងកំពុងអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពុងផែអ៉ីរ៉ង់ ខណៈ អ៉ីរ៉ង់កំពុងបិទខ្ទប់ច្រកសមុទ្រ Hormuz ជាមួយការគំរាមវាយប្រហារលើកប៉ាល់ណាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះមិនមានការអនុញ្ញាតពីតេហេរ៉ង់។ ប៉ុន្មានថ្ងៃមកនេះ អាមេរិក និងអ៉ីរ៉ង់ វាយប្រហារដាក់គ្នាទៅវិញទៅមក ដែលនេះបាននិងកំពុងគំរាមកំហែងដល់បទឈប់បាញ់ដែលមានភាពផុយស្រួយស្រាប់។

១០. នីហ្សេរីយ៉ា (ខែឧសភា ឆ្នាំ២០២៦)
ក្នុងខែឧសភាកន្លងទៅនេះ លោក ត្រាំ បានអនុញ្ញាតឱ្យបើកប្រតិបត្តិការវាយឆ្មក់រួមគ្នាមួយរវាងយោធាអាមេរិក និងនីហ្សេនីយ៉ាដែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ ISIS មានឈ្មោះថា Abu Bilal al-Minuki។ ប៉ុន្មានថ្ងៃក្រោយមក សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធ ISIS ក្នុងប្រទេសនីហ្សេរីយ៉ា។

ស្ថានភាពបច្ចុប្បន្ន៖ ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក តែគេមិនអាចផ្ទៀងផ្ទាត់ថាមានជនស៊ីវិលបានស្លាប់ក្នុងការវាយប្រហារដែរ ឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Nimitz និងនាវាចម្បាំងអមដំណើរជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់ភាគខាងត្បូងនៃតំបន់សមុទ្រ Caribbean កាលពីខែឧសភាកន្លងទៅនេះ ក្នុងថ្ងៃតែមួយដែលក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងអតីតមេដឹកនាំគុយបា Raúl Castro ជុំវិញតួនាទីរបស់លោកពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះស៊ីវិល ២គ្រឿង កាលពីឆ្នាំ១៩៩៦ សម្លាប់មនុស្ស ៤នាក់ ក្នុងមានពលរដ្ឋអាមេរិក ៣នាក់។ ពិភពលោកកំពុងតាមដានថាតើលោក ដូណាល់ ត្រាំ នឹងធ្វើយ៉ាងណាទៀតចំពោះគុយបា៕