អ្នកនាំពាក្យ៖ «វិធីសាស្រ្ត ៣កុំ ១ការពារ» ជាអាវុធឌីជីថលរបស់យុវវ័យ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
01-06-2026 20:38
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត «៣កុំ ១ការពារ» ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយ ក្នុងសម័យបច្ចេកវិទ្យាឌីជីថល។
ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ២ ៣០០នាក់ ក្នុងឱកាសលោកអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី។
លោកបានបញ្ជាក់ថា វិធីសាស្រ្ត «៣កុំ ១ការពារ» រួមមានទី១ កុំទាន់ជឿ៖ បើឃើញព័ត៌មានប្លែកធ្វើឱ្យរំជើបរំជួល ឬគួរឱ្យខ្លាច ត្រូវគិតសិនកុំអាលវាយតម្លៃថាជាការពិត ខ្លាចជាការប្រឌិតព័ត៌មានដើម្បីទាក់ទាញការចូលមើល(View)។ ទី២ កុំទាន់ចែករំលែក (Share)៖ ត្រូវចំណាយពេល ១៥វិនាទីពិនិត្យប្រភពឱ្យច្បាស់ បើមិនច្បាស់ដាច់ខាតកុំចែករំលែក និងទី៣ កុំប្រហែស៖ ត្រូវការពារលេខកូដសម្ងាត់គណនីរបស់យើងកុំឱ្យអ្នកណាដឹង និងមិនត្រូវចុចលើតំណ (Link)ប្លែកៗ ផ្តេសផ្តាស់ ដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ចំណែក១ការពារ៖ គឺត្រូវការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយបង្កើន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «នៅក្នុងការរស់នៅជាមួយពិភពឌីជីថលយុវវ័យបច្ចុប្បន្នកំពុងប្រឈមខ្លាំងនឹងគ្រោះថ្នាក់ចម្បង៣យ៉ាងរួមមាន ទី១. ព័ត៌មានក្លែងក្លាយ៖ មានដូចជាការប្រឌិតរឿង កាត់តរូបភាពបង្កើតភាពវឹកវរក្នុងសង្គម ទី២. ការផ្សាយដើម្បីឆបោកតាមអនឡាញ ដោយជនឆបោកបានផ្ញើលីងបោកប្រាស់ដើម្បីលួចទិន្នន័យ និងគណនី និងទី៣. ការគំរាមកំហែងតាមសម្តីតាមរយៈការប្រើប្រាស់ពាក្យជេរប្រមាថ និងបង្ហោះរូបភាពសើចចំអកអន
ឡាញ»។
នៅក្នុងឱកាសនោះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មីបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្ម និងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយភូតកុហកនៅលើបណ្តាញសង្គម។
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាលីករដ៏សំខាន់ក្នុងការកសាងភាពធន់ក្នុងស្រទាប់គ្រួសារ និងសហគមន៍កម្ពុជា។ វានឹងជួយពង្រឹងសមត្ថភាពម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់រាល់ហានិភ័យ ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល និងការបំភាន់មតិក្នុងចេតនាទុច្ចរិត៕







































