FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការវិនិយោគលើសុខភាព ការអប់រំ ការការពារសុវត្ថិភាពរបស់កុមារ ជាការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិ

01-06-2026 19:52

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាកុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិ។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់ប្រទេស ហើយការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង។

ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ៖ រួមគ្នាដើម្បីកុមារគ្រប់រូប និងពិធីប្រកាសតែងតាំងទូតសុច្ឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា, សិល្បករ-សិល្បការីនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការរៀបចំខួបលើកទី ៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារ កម្ពុជា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»។

លោកជំទាវបណ្ឌិតបន្តថា «សម្រាប់កុមារ សន្តិភាពមិនមែនគ្រាន់តែជាពាក្យមួយទេ។ សន្តិភាព គឺជារបាំងសុវត្ថិភាពនៅក្នុងគ្រួសារ គឺឱកាសដែលកុមារបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្ដីសង្ឃឹមសម្រាប់អនាគត។ កុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិយើង។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់កម្ពុជារបស់យើង។ ការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថាស្ថានភាពលំបាកនៅតាមព្រំដែននាពេលថ្មីៗនេះ គឺបានធ្វើឱ្យកុមារ និងគ្រួសារជាច្រើនប្រឈមនឹងការផ្លាស់ប្តូរលំនៅ ការរំខាននៅក្នុងការសិក្សា ការបាត់សុវត្ថិភាព និងផលប៉ះពាល់ផ្លូវចិត្ត។ សម្រាប់កុមារ ការខកខានមួយថ្ងៃក្នុងការទៅសាលារៀន គឺជារបាំងការបាត់បង់ឱកាសមួយ ហើយការភ័យខ្លាចម្ដងៗនោះ គឺអាចដក់ជាប់ក្នុងចិត្តរបស់ពួកគេ រយៈពេលយូរជាងដែលយើងបានគិតទៅទៀត។

ក្នុងកាលៈទេសៈបែបនេះ កុមារមិនត្រឹមតែត្រូវការសេចក្ដីអាណិតអាសូរប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគាត់ត្រូវការចាំបាច់នូវការការពារ ជាក់ស្ដែង តរូវការសាលារៀន ត្រូវការសេវាសុខភាព ត្រូវការទឹកស្អាត ត្រូវការការគាំទ្រផ្លូវចិត្ត និងត្រូវការមនុស្សធំក្បែរពួកគាត់ដោយក្ដីមេត្តា និងការទទួលខុសត្រូវ។ ការការពារកុមារមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែគឺការទទួលខុសត្រូវរួមគ្នា របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល សិល្បករ សិល្បការិនី អ្នកបង្កើតមាតិកាតាមបណ្ដាញផ្សព្វផ្សាយនានា រួមទាំងយុវជន ក្រុមគ្រួសារ និងសង្គមទាំងមូល។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តរួមគ្នាដើម្បីធានាថា «កុមារគ្រប់រូបទទួលបានការថែទាំ និងសេចក្ដីស្រឡាញ់, កុមារគ្រប់រូបទទួលបានសុវត្ថិភាព និងការការពារ, កុមារគ្រប់រូបទទួលបានការអប់រំ សុខភាព និងឱកាសស្មើៗគ្នា និងកុមារគ្រប់រូបអាចធំធាត់ឡើងដោយក្ដីសង្ឃឹម សេចក្ដីថ្លៃថ្នូរ និងជំនឿលើអនាគតរបស់ខ្លួន រួមគ្នាដើម្បីកុមារគ្រប់រូប មិនគួរត្រឹមតែជាសារសម្រាប់តែកម្មវិធីមួយថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគួរតែជាការប្ដេជ្ញាចិត្តជាប្រចាំារបស់យើងទាំងអស់គ្នា។ នៅពេលយើងការពារកុមារ គឺយើងកំពុងការពារអនាគតរបស់ប្រទេសយើង។ នៅពេលដែលយើងផ្ដល់ឱកាសដល់កុមារ គឺយើងកំពុងបើកទ្វារឲ្យប្រទេសជាតិយើងរីកចម្រើន ហើយនៅពេលដែលយើងឈរនៅក្បែរកុមារដែលងាយរងគ្រោះបំផុត គឺយើងកំពុងបង្ហាញពីមនុស្សធម៌ គុណតម្លៃដ៏ល្អបំផុតរបស់សង្គមជាតិយើង»។

ទន្ទឹមនឹងនេះស្ត្រីទី១នៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល បណ្ដាដៃគូអភិវឌ្ឍន៍ និងយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រដល់គ្រួសារ និងកុមាររងផលប៉ះពាល់ តាមរយៈការផ្ដល់ជំនួយចាំបាច់ សេវាសុខភាព អាហារូបត្ថម្ភ ការអប់រំបណ្ដោះអាសន្ន ការការពារកុមារ និងការថែទាំផ្លូវចិត្ត។ វត្តមានរបស់យើងទាំងអស់គ្នានាឱកាសនេះ គឺជារបាំងសក្ខីភាពនៃក្ដីមេត្តាករុណា ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុកម្ពុជា កុមារកម្ពុជា៕