រដ្ឋមន្ត្រីសុខាភិបាល ថ្លែងអំណរគុណអង្គការ CHAI ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាទីទុកចិត្ត ក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា
01-06-2026 19:39
(ភ្នំពេញ)៖ លោកសាស្ត្រា ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះអង្គការ CHAI ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងជាទីទុកចិត្ត ក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសអង្គការ Clinton Health Access Initiative (CHAI) បង្ហាញការបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព, ដែលការបង្ហាញការប្តេជ្ញាចិត្តរបស់អង្គការ CHAI គឺបានធ្វើឡើងក្នុងឳកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រា ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងជំនួបនេះ លោក Zachary Katz អនុប្រធានអង្គការ Clinton Health Access Initiative (CHAI) ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាលដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ CHAI ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនោះគណៈប្រតិភូ CHAI បានលើកឡើងអំពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហការជាមួយ ក្រសួងសុខាភិបាល រួមមាន៖ ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការរួមបញ្ចូលសេវាជំងឺមិនឆ្លង ការគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាតិ និងការពង្រីកការចាក់វ៉ាក់សាំង HPV ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល ការពង្រឹងយន្តការហិរញ្ញប្បទានសុខាភិបាល និងនិរន្តរភាពកម្មវិធីសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាលសំខាន់ៗ ព្រមទាំងការគាំទ្រដល់ការរៀបចំ និងអនុវត្តកម្មវិធីមូលនិធិសកលជុំទី៨ (Global Fund Grant Cycle 8-GC8)។
ក្នុងឳកាសនោះដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងបន្តជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4) ដោយផ្តោតលើការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការពង្រឹងធនធានមនុស្សសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល ការធានាហិរញ្ញប្បទានប្រកបដោយចីរភាព និងការឈានទៅសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC)។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្វាគមន៍ ចំពោះការបន្តគាំទ្ររបស់អង្គការ CHAI ជាពិសេសលើវិស័យអាទិភាព ដូចជា សុខភាពមាតា ទារក និងកុមារ កម្មវិធីចាក់វ៉ាក់សាំង ការគ្រប់គ្រងជំងឺមិនឆ្លង ការអភិវឌ្ឍប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការពង្រឹងនិរន្តរភាពហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពរបស់ក្រសួងសុខាភិបាល និងបរិបទនៃការប្រែប្រួលជំនួយអភិវឌ្ឍន៍សកល។
សូមជម្រាបថាជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ CHAI ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជាប្រកបដោយចីរភាព៕






















