FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ប្រមូលថវិកាបាន ១ ៦០០លានរៀល ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧

01-06-2026 19:38

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានសហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន កើតរិទ្ធ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, មេធាវី និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជនផ្សេងទៀតប្រមាណ ១ ៥០០រូប។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងដើម្បីចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

កម្មវិធីជិះកង់អង្គរនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារសង្គម ដោយផ្អែកលើស្មារតី «ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី ខ្មែរខ្លាំង» ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) សម្រាប់ចូលរួមសម្រាលបន្ទុកចំណាយរបស់មន្ទីរពេទ្យក្នុងការបន្តបំពេញបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងទារកដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងដោយគ្មានការរើសអើង ជាពិសេសការសង្គ្រោះជីវិតកុមារ និងទារកដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។

នៅក្នុងព្រឹត្តិការណ៍ជិះកង់នេះក៏មានកម្មវិធីដាំកូនឈើចំនួនប្រមាណ ៣០០ដើម នៅបរិវេណស្រះស្រង់ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានបៃតងនៅក្នុងតំបន់សៀមរាបអង្គរផងដែរ។

កម្មវិធីជិះកង់អង្គរ លើកទី៤នេះ ប្រមូលថវិកាបានចំនួន ១ ៦០០លានរៀល ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ ជារួមកម្មវិធីជិះកង់អង្គរទាំង៤ លើកកន្លងមកនេះប្រមូលបានថវិកាចំនួន ៤ ៨៥៥លានរៀល (ប្រមាណ ១,២លានដុល្លារអាម៉េរិក) ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ក៏បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូណ៌ និងបាននាំយកនូវថវិកា សម្ភារៈសិក្សាមួយចំនួនឧបត្ថម្ភជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ព្រមទាំងថវិកាមួយចំនួនជូនដល់លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសម្រាប់ប្រើប្រាស់ក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់សម្រាប់បម្រើឱ្យការអប់រំរបស់សាលា។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពនៃការអប់រំដើម្បីឱ្យសាលានេះនៅបន្តជាសាលាគំរូមួយទាំងលើផ្នែកគុណភាព វិន័យ និងសីលធម៌។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំលើការសិក្សារបស់កូនៗ ដើម្បីឱ្យពួកគាត់ក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌ ព្រមទាំងក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ៕