FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពអបអរសាទរ ទិវាកុមារអន្តរជាតិ

01-06-2026 19:25

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ៖ រួមគ្នាដើម្បីកុមារគ្រប់រូប និងពិធីប្រកាសតែងតាំងទូតសុច្ឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា, សិល្បករ-សិល្បការីនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»។

លោកជំទាវបណ្ឌិតបន្តថា «ប្រធានបទនេះគឺពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ ព្រោះសម្រាប់កុមារសន្តិភាពមិនមែនគ្រាន់តែជាពាក្យមួយទេ។ សន្តិភាពគឺជារបាំងសុវត្ថិភាពនៅក្នុងគ្រួសារ គឺឱកាសដែលកុមារបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្ដីសង្ឃឹមសម្រាប់អនាគត។ កុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិយើង។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់កម្ពុជារបស់យើង។ ការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា នៅក្នុងរយៈពេលកន្លងមក កម្ពុជាយើងបានសម្រេចនូវវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ កុមារកាន់តែច្រើនមានឱកាសចូលរៀន ទទួលបានសេវាសុខភាព និងទទួលបានការគាំទ្រសង្គមកាន់តែទូលំទូលាយ។ សមិទ្ធផលទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ដែលក្នុងអាណត្តិមុនមានសម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នសម្ដេចគឺជាប្រធានព្រឹទ្ធសភា ហើយនឹងបន្តមុខដំណាក់អាណត្តិទី ៧ ដែលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធពីបណ្ដាដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ និងប្រជាពលរដ្ឋទាំងអស់របស់យើង។

ទោះជាយ៉ាងណាក៏ដោយ ការងាររបស់យើងគឺមិនទាន់ចប់នៅឡើយទេ។ ដោយហេតុនេះយើងនៅមានកុមារមួយចំនួន ដែលនៅតែប្រឈមនឹងភាពក្រីក្រ វិសមភាព ខ្វះឱកាសក្នុងការទទួលបានការអប់រំ បញ្ហាសុខភាព ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បញ្ហាសុវត្ថិភាពតាមប្រព័ន្ធឌីជីថល និងវិបត្តិផ្សេងៗ ដែលអាចប៉ះពាល់ដល់ជីវិត ការលូតលាស់ និងក្ដីសង្ឃឹមរបស់ពួកគេ។ ជាពិសេសដូចដែលយើងបានឃើញមកហើយថា កន្លងមកនេះគឺនៅពេលដែលមានវិបត្តិ ឬស្ថានភាពលំបាកកើតឡើង កុមារគឺជានិមិត្តរូបដែលងាយរងគ្រោះថ្នាក់ជាងគេបំផុត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បញ្ជាក់បន្ថែម។

មួយវិញទៀតស្ថានភាពលំបាកនៅតាមព្រំដែននាពេលថ្មីៗនេះ គឺបានធ្វើឱ្យកុមារ និងគ្រួសារជាច្រើនប្រឈមនឹងការផ្លាស់ប្តូរលំនៅ ការរំខាននៅក្នុងការសិក្សា ការបាត់សុវត្ថិភាព និងផលប៉ះពាល់ផ្លូវចិត្ត។ សម្រាប់កុមារ ការខកខានមួយថ្ងៃក្នុងការទៅសាលារៀន គឺជារបាំងការបាត់បង់ឱកាសមួយ ហើយការភ័យខ្លាចម្ដងៗនោះ គឺអាចដក់ជាប់ក្នុងចិត្តរបស់ពួកគេ រយៈពេលយូរជាងដែលយើងបានគិតទៅទៀត។

ក្នុងកាលៈទេសៈបែបនេះ កុមារមិនត្រឹមតែត្រូវការសេចក្ដីអាណិតអាសូរប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគាត់ត្រូវការចាំបាច់នូវការការពារជាក់ស្ដែង ត្រូវការសាលារៀន ត្រូវការសេវាសុខភាព ត្រូវការទឹកស្អាត ត្រូវការការគាំទ្រផ្លូវចិត្ត និងត្រូវការមនុស្សធំក្បែរពួកគាត់ដោយក្ដីមេត្តា និងការទទួលខុសត្រូវ។ ការការពារកុមារមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែគឺការទទួលខុសត្រូវរួមគ្នា របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល សិល្បករ-សិល្បការិនី អ្នកបង្កើតមាតិកាតាមបណ្ដាញផ្សព្វផ្សាយនានា រួមទាំងយុវជន ក្រុមគ្រួសារ និងសង្គមទាំងមូល។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តរួមគ្នាដើម្បីធានាថា «កុមារគ្រប់រូបទទួលបានការថែទាំ និងសេចក្ដីស្រឡាញ់, កុមារគ្រប់រូបទទួលបានសុវត្ថិភាព និងការការពារ, កុមារគ្រប់រូបទទួលបានការអប់រំ សុខភាព និងឱកាសស្មើៗគ្នា និងកុមារគ្រប់រូបអាចធំធាត់ឡើងដោយក្ដីសង្ឃឹម សេចក្ដីថ្លៃថ្នូរ និងជំនឿលើអនាគតរបស់ខ្លួន រួមគ្នាដើម្បីកុមារគ្រប់រូប មិនគួរត្រឹមតែជាសារសម្រាប់តែកម្មវិធីមួយថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគួរតែជាការប្ដេជ្ញាចិត្តជាប្រចាំារបស់យើងទាំងអស់គ្នា។ នៅពេលយើងការពារកុមារ គឺយើងកំពុងការពារអនាគតរបស់ប្រទេសយើង។ នៅពេលដែលយើងផ្ដល់ឱកាសដល់កុមារ គឺយើងកំពុងបើកទ្វារឲ្យប្រទេសជាតិយើងរីកចម្រើន ហើយនៅពេលដែលយើងឈរនៅក្បែរកុមារដែលងាយរងគ្រោះបំផុត គឺយើងកំពុងបង្ហាញពីមនុស្សធម៌ គុណតម្លៃដ៏ល្អបំផុតរបស់សង្គមជាតិយើង»។

ទន្ទឹមនឹងនេះស្ត្រីទី១នៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល បណ្ដាដៃគូអភិវឌ្ឍន៍ និងយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រដល់គ្រួសារ និងកុមាររងផលប៉ះពាល់ តាមរយៈការផ្ដល់ជំនួយចាំបាច់ សេវាសុខភាព អាហារូបត្ថម្ភ ការអប់រំបណ្ដោះអាសន្ន ការការពារកុមារ និងការថែទាំផ្លូវចិត្ត។ វត្តមានរបស់យើងទាំងអស់គ្នានាឱកាសនេះ គឺជារបាំងសក្ខីភាពនៃក្ដីមេត្តាករុណា ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុកម្ពុជា កុមារកម្ពុជា។

ស្ថិតនៅក្នុងឱកាសនេះលោកជំទាវបណ្ឌិត បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះកញ្ញា ស៊ីន យូប៊ីន ដែលត្រូវបានតែងតាំងជាផ្លូវការជាទូតសុឆន្ទៈរបស់យូនីសេហ្វប្រចាំកម្ពុជា។ តួនាទីជាទូតសុឆន្ទៈនេះ គឺមិនត្រឹមតែគ្រាន់តែជាកិត្តិយសប៉ុណ្ណោះទេ ឬក៏ជាតំណែង តំណែងតំណាងមុខប៉ុណ្ណោះទេ ប៉ុន្តែតួនាទី តួនាទីនេះ គឺមានភារកិច្ច មានអត្ថន័យក្នុងការប្រើប្រាស់សំឡេង ប្រើប្រាស់ប្រជាប្រិយភាព និងឥទ្ធិពលវិជ្ជមានរបស់ខ្លួន ដើម្បីបន្លឺនូវសំឡេងរបស់កុមារ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងជម្រុញឲ្យសង្គមទាំងមូលចូលរួមការពារ ថែរក្សា និងផ្ដល់ឱកាសដល់កុមារគ្រប់ៗរូប។

ជាងនេះទៀតលោកជំទាវបណ្ឌិត បានបង្ហាញក្តីសង្ឃឹមថា កញ្ញា ស៊ីន យូប៊ីន សិល្បករ សិល្បការិនី អ្នកបង្កើតមាតិកាផ្សេងៗ និងបងប្អូនយុវជនទាំងអស់ នឹងបន្តឈរនៅក្បែរកុមារ ដោយប្រើបេះដូងធ្វើការជួយកុមារដោយភាពស្មោះត្រង់ ប្រើក្ដីមេត្តាករុណា និងការប្ដេជ្ញាចិត្តខ្ពស់ សូមប្រើសំឡេងរបស់ប្អូនៗដើម្បីនាំក្ដីសង្ឃឹមទៅកាន់កុមារដែលត្រូវការជំនួយ សូមប្រើឥទ្ធិពលរបស់ខ្លួនដើម្បីប្រែក្លាយទៅជាការយកចិត្តទុកដាក់របស់សាធារណជន ទៅជាការគាំទ្រជាក់ស្ដែងសម្រាប់កុមារកម្ពុជារបស់យើង និងសូមចងចាំថាសិល្បៈ សំឡេង និងការច្នៃប្រឌិតរបស់ប្អូនៗទាំងអស់គ្នា គឺអាចជ្រៀតចូលទៅក្នុងបេះដូងរបស់មនុស្សបានលឿនជាងឯកសារជាផ្លូវការទៅទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបន្តថា «ត្រូវចងចាំទុក សំឡេងរបស់ប្អូនៗដែលមានប្រជាប្រិយភាព មាតិកាដែលប្អូនៗបានបង្កើតឡើង គឺជ្រាបចូលទៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋយើងលឿន ជាងការមើលឯកសារ»។

លោកជំទាវបណ្ឌិតបានថ្លែងបន្តថា ឯកសារគឺអាចមើលក្រោយ ប៉ុន្តែសំឡេងទាំងអស់នេះ មាតិកាដែលប្អូនបង្កើតគឺជ្រាបទៅមុនគេ។ ដូច្នេះសូមប្អូនៗទាំងអស់គ្នា ប្រើសំឡេងនោះឲ្យបានត្រឹមត្រូវ ត្រូវប្រើដើម្បីកុមារ វាជានឹងក្លាយទៅជាកម្លាំងមួយសម្រាប់ការយល់ដឹង ការការពារ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជារបស់យើង៕