FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី

01-06-2026 18:59

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាល នៃអភិបាលខេត្តប៉ៃលិន បានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ដែល ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម គោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាព ពេញ លើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅ មួយ ថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលព្រះវិស្ណុមួយនេះ បានលេចចេញជារូបរាងឡើងនាពេលខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើត មាន ឡើង ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នា ចូល រួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និង អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុ ដៃ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយក្នុងសាសនាព្រហ្មញ្ញ–ហិណ្ឌូ និងសិល្បៈ ខ្មែរ បុរាណ ដោយអត្ថន័យទូទៅព្រះវិស្ណុ ដៃ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង៨ សមត្ថភាពការពារពិភពលោកគ្រប់ទិសការគ្រប់គ្រងសកលលោក និងធម៌ ហើយដៃទាំង៨ កាន់វត្ថុសក្ការៈផ្សេងៗ ដែលមានន័យជាក់លាក់គឺ «ចក្រ»– យុត្តិធម៌ និងការផ្តន្ទាទោសអំពើអកុសល, «ស័ង្ខ» – សំឡេងសកល ការដាស់ភ្ញាក់ ធម៌, «កដា»– កម្លាំង និងការការពារ, «ផ្កាឈូក»– ភាពបរិសុទ្ធ បញ្ញា និងការកើតឡើងវិញ, «ធ្នូ»– ការត្រៀមការពារ និងការគ្រប់គ្រងសត្រូវ, «ព្រួញ»– ការចាត់ចែង និងការវាយប្រហារលើអំពើអាក្រក់, «ដាវ»– ប្រាជ្ញា កាត់ផ្តាច់អវិជ្ជា, និង«ខែល ឬ ខ្សែ»– ការការពារ និងការគ្រប់គ្រងអំពើអសុរ(វត្ថុខ្លះអាចខុសគ្នាតាមសិល្បៈ និងសម័យ)។