អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គ្រោងដាក់ពង្រាយមន្ត្រីគយបន្ថែមតាមមាត់ច្រកនាំចូល ដើម្បីបង្ការ បង្ក្រាបអំពើរត់ពន្ធ (Video inside)
01-06-2026 17:19
(ភ្នំពេញ)៖ វិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលមកដល់ពេលនេះមានរយៈពេល ១ខែហើយ។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការមុតស្រួចនេះ នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកអគ្គនាយករង គាំ ច័ន្ទកុសល តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចំណាយពេលចំនួន២ថ្ងៃពេញ ចុះណែនាំ និងជំរុញការអនុវត្តវិធានការនេះ ដល់បងប្អូនអាជីវកម្មនាំចេញនាំចូលទំនិញ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយ ព្រមទាំងមន្ត្រីគយនៃសាខា និងការិយាល័យគយ និងរដ្ឋាករទាំងអស់ ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង និងព្រៃវែង និងចុះតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម លើតម្រាយផ្លូវប្រវែងជិត ៣០០គីឡូម៉ែត្រ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងការបង្ការ បង្ក្រាបអំពើរត់ពន្ធ។
បន្ទាប់ពីបានចុះបំពេញបេសកកម្មតាមបន្ទាត់ព្រំដែនភាគខាងកើត ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង (២៥៨គម) និង ខេត្តព្រៃវែង (ប្រមាណជា៨៤គម) ដែលលាតសន្ធឹងជាប់ព្រំដែនប្រទេសវៀតណាម ប្រមាណ ជាង៣០០ គីឡូម៉ែត្រ, ប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឃើញហើយថា ស្ថានភាពភូមិសាស្ដ្រដីនៅតាមព្រំដែននេះ គឺភាគច្រើនមានសណ្ឋានដីរាបស្មើ ហើយកន្លែងខ្លះជាដងស្ទឹង អូរ និងទន្លេជាដើម កន្លែងខ្លះទៀតផ្លូវថ្នល់ស្របតាមបណ្តោយព្រំដែននៃប្រទេសទាំង២ នៅជិតគ្នា អាចមើលឃើញគ្នា ឬហៅគ្នាលឺថែមទៀតផង កត្តាភូមិសាស្រ្តបែបនេះ បានបង្កលក្ខណៈងាយស្រួលដល់អំពើរត់គេចពន្ធ ប៉ុន្តែវា គឺជាបញ្ហាប្រឈមរបស់រដ្ឋបាលគយ ក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ដែលអាចកើតមានឡើងស្ទើរ គ្រប់ទីកន្លែងជាយថាហេតុ។ ក្រៅពីច្រកផ្លូវការ (អន្ដរជាតិ និងច្រកទ្វេភាគី) ច្រករបៀងនានា ពុំមានកម្លាំងសមត្ថកិច្ចគយឡើយ តែច្រករបៀងខ្លះឃើញមានយោធា និង នគរបាលព្រំដែន នៅប្រចាំការ។
ចំពោះដំណោះស្រាយ ត្រូវបានលោកអគ្គនាយករងបញ្ជាក់ថា «ដើម្បីបង្ការ និងទប់ស្កាត់អំពើរត់គេចពន្ធគ្រប់ប្រភេទ, ឯកឧត្តម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំឱ្យនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស និងសាខាគយ និងរដ្ឋាករជាប់ព្រំដែន ត្រូវចាត់តាំងមន្ដ្រីគយ និងរដ្ឋាករឱ្យទៅបំពេញភារកិច្ចបន្ថែមទៅមាត់ច្រកនាំចូល រួមទាំងច្រកទ្វេភាគី ច្រកតំបន់ និងច្រករបៀង ដែលជាមុខសញ្ញាហានិភ័យខ្ពស់ (ធ្លាប់ឃើញការរត់ពន្ធ) ដើម្បីចូលរួមបង្ការ និងបង្រ្កាបបទល្មើសរត់គេចពន្ធ និងជំរុញអនុលោមភាពនៃការបង់ពន្ធ និងអាករ ប្រកបដោយតម្លាភាព»។
លោកអគ្គនាយករងបន្ថែមថា វិធានការមុតស្រួចនេះ នឹងផ្ដល់ផលប្រយោជន៍ធំបំផុតនោះគឺ ១.ការពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធ និងអាករ ដើម្បីបង្កើនចំណូលជាតិ, ២.លើកស្ទួយបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាពក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា, និង ៣.ចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុករួមមាន កសិផល និងផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលកំពុងមានសន្ទុះគួរជាទីមោទនៈ និងដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍជាតិនិងកសាងខឿនការពារជាតិរបស់យើង។
ក្នុងនាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកអគ្គនាយករង សូមអំពាវនាវ និងស្នើសុំដោយទទូចដល់អាជីវករនាំចូល ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយទាំងអស់ អនុវត្តកាតព្វកិច្ចពន្ធ និងអាករឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ លោកសូមបញ្ជាក់ជាថ្មីម្ដងទៀតថា ការអនុវត្តកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវនេះ មិនត្រឹមតែជាការស្នេហាជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមអភិវឌ្ឍជាតិ និងកសាងនូវខឿនការពារជាតិឱ្យបានរឹងមាំផងដែរ។
ទន្ទឹមនេះ លោកអគ្គនាយករង ក៏សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធដែល ឈរជើងតាមបន្ទាត់ព្រំដែន និងអជ្ញាធរដែនដីប្រសិនបើឃើញសកម្មភាពនៃអំពើរត់គេចពន្ធក្នុងដែនដីរបស់ខ្លួន សូមចូលរួមទប់ស្កាត់ និងផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ចគយ ក្នុងការចូលរួមទប់ស្កាត់អំពើរត់គេចពន្ធគ្រប់ប្រភេទ។ ចំណែកប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច នៅពេលបានឃើញសកម្មភាពរត់គេចពន្ធ ត្រូវរាយការណ៍ការអំពីសកម្មភាពរត់គេចពន្ធ មកកាន់អង្គភាពគយដែលនៅជិតបំផុត។
សូមជម្រាបថា កញ្ចប់វិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ត្រូវបានទទួលការអនុញ្ញាត និងឯកភាពដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងអនុសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់បំផុតសម្រាប់អនុវត្ត ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ វិធានការមុតស្រួចនេះ មាន ៣ ផ្នែកសំខាន់ៗ រួមមាន: ផ្នែកទី១- វិធានការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម, ផ្នែកទី២-ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ និង ផ្នែកទី៣- យន្តការតាមដានការអនុវត្ត ដែលមានសកម្មភាពលម្អិតសរុបចំនួន ៣១ សកម្មភាព។ កញ្ចប់វិធានការនេះ មានគោលបំណងបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ទម្រង់ ដើម្បីពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធ និងអាករ បង្កើនចំណូលជាតិ និងលើកស្ទួយបរិយាកាសប្រកួតប្រជែង ដោយស្មើភាព ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ទន្ទឹមនឹងការពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធនិងអាករ កញ្ចប់វិធានការនេះ បានផ្តោតលើការជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការលុបបំបាត់ទីតាំងឈរជើងត្រួតគ្នា, ការលុបបំបាត់កម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនគ្រប់ប្រភេទ, ការត្រួតពិនិត្យចោះៗតែតាមព័ត៌មានហានិភ័យ, ការបង្កើនចំនួនធុរជនល្អ និងការអភិវឌ្ឍមុខងារបន្ថែមទៀត ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាដើម។
អំពីផលវិបាកនៃការអល់អែក ឬការរារាំងមិនអនុវត្តកញ្ចប់វិធានការនេះ ជាកម្មវត្ថុនៃការដាក់ទោសទណ្ឌ ដោយគ្មានការលើកលែង និងអាចឈានដល់នីតិវិធីតុលាការក្នុងករណីចាំបាច់៕































































































































































































































