FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងវប្បធម៌  និងក្រសួងធម្មការ៖ ប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យនោះទេ

01-06-2026 17:10

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា បានបញ្ជាក់ឱ្យដឹងថា ប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យនោះទេ ហើយការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមក មិនស្របតាមលំអានក្បួនប្រពៃណី បានធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដើមនៃពិធីមង្គលការខ្មែរ។

នៅលក្នុងសេចក្តីអំពាវនាវរបស់អន្តរក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អត្ថន័យពិធី (ភ្ជាប់ពាក្យ ឬស្តីដណ្តឹង) គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ទុកដាក់កូនចៅភ្ជាប់សាច់ ភ្ជាប់ឈាម ឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ។ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត(បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ ឯសាមីខ្លួនប្រុសស្រី មិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។

ខ្លឹមសារកិច្ចសំពះផ្ទឹមនិងចងដៃ៖ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួនប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណី តរៀងទៅ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា បានបញ្ជាក់ឱ្យដឹងទៀតថា ប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរយើង គ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យនោះទេ ហើយការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមក មិនស្របតាមលំអានក្បួនប្រពៃណី ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដើម នៃពិធីមង្គលការខ្មែរយើង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា សូមអំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធី អាពាហ៍ពិពាហ៍ទៅតាមលំអានក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិយើងឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕