លោក ជុំ សុភមករា អគ្គនាយករង និងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ស្លាប់យ៉ាងអណោចអធ័មក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ធំ ដោយរថយន្តសណ្តោងធន់ធំរេចង្កូតមកបុក
01-06-2026 16:46
(កំពង់ធំ)៖ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នៅតាមបណ្តាយផ្លូវជាតិលេខ៦អា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅម៉ោង ១១៖៤០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ183-184 ចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
របាយការណ៍បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ V1 ពណ៌ប្រផេះ ពាក់ផ្លាកលេខកំពង់ចាម 3A-7674 សណ្ដោងរឺមីរឺម៉កព្រះសីហនុ 4A-3890 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។
ជនរងគ្រោះលោក ជុំ សុភមករា អាយុ៤៤ឆ្នាំ បើករថយន្តម៉ាក Ford Ranger ពណ៌ប្រផេះ ពាក់ផ្លាកលេខរដ្ឋ 18-2345 រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ គាត់បានស្លាប់នៅនឹងកន្លែងកើតហេតុ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច, មុនពេលកើតហេតុរថយន្តបង្កបើកក្នុងទិសដៅពីសៀមរាប-ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃបណ្ដាលឱ្យទៅបុករថយន្ត របស់ជនរងគ្រោះកំពុងបើកបញ្ច្រាសគ្នា។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្តុតាងត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
គ្រួសារជនរងគ្រោះ និងមជ្ឈដ្ឋានជាច្រើន សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវតាមចាប់អ្នកបើករថយន្តបង្ក មកទទួលខុសត្រូវតាមច្បាប់ជាធរមាន៕








