មន្ត្រីកសិកម្មឃុំអារក្សត្នោត និងអាជីវករនៅផ្សារបែកអន្លូង អំពាវនាវសាធារណជនកុំជឿលើព័ត៌មានថា ទុរេនដែលដាក់លក់នៅផ្សារជា «ទុរេនបំបាំងកាយ ឬទុរេននាំចូល» (Video inside)
01-06-2026 16:34
(កំពង់ចាម)៖ មន្ត្រីកសិកម្ម ប្រជាកសិករ និងអាជីវករលក់ផ្លែទុរេននៅផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអំពាវនាវសាធារណជនកុំជឿតាមការបង្ហោះនៅលើបណ្តាញសង្គមមួយចំនួន ដែលចោទប្រកាន់ថា ផ្លែទុរេនដែលដាក់លក់នៅផ្សារបែកអន្លូងជា «ទុរេនបំបាំងកាយ» ឬជាទុរេននាំចូលពីប្រភពផ្សេង។
លោក អះម៉ាត់ ម៉ូស្តាហ្វា មន្ត្រីកសិកម្មប្រចាំឃុំអារក្សត្នោត បានឱ្យដឹងថា ការបង្ហោះព័ត៌មានបែបនេះបានបង្កឱ្យមានផលប៉ះពាល់ដល់អាជីវករលក់ដូរផ្លែទុរេននៅផ្សារបែកអន្លូង និងប៉ះពាល់ដល់ប្រជាកសិករដាំទុរេន នៅក្នុងឃុំអារក្សត្នោត ទាំងមូល ដែលកំពុងប្រកបរបរដាំដុះ និងលក់កសិផលរបស់ខ្លួន។
មន្ត្រីកសិកម្មឃុំរូបនេះ បានបញ្ជាក់ថា ការចែករំលែកព័ត៌មាននេះ កើតឡើងបន្ទាប់ពីរដ្ឋបាលស្រុកស្ទឹងត្រង់ បានចុះស្រង់ស្ថិតិចំនួនអ្នកលក់ដូរផ្លែទុរេន និងត្រួតពិនិត្យប្រភពផ្លែទុរេនដែលដាក់លក់នៅផ្សារបែកអន្លូង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធានាគុណភាពកសិផល។ ការចុះពិនិត្យនេះ មានគោលបំណងទប់ស្កាត់ករណីនាំចូលទុរេនពីប្រភពផ្សេងមកលក់ ដោយអះអាងថា ជាផលិតផលក្នុងតំបន់ផងដែរ។
ជាលទ្ធផល អាជីវករទាំងអស់បានអះអាងថា ផ្លែទុរេនដែលដាក់លក់នៅផ្សារបែកអន្លូង គឺជាទុរេនដែលប្រមូលផលពីចម្ការរបស់ប្រជាកសិករក្នុងឃុំអារក្សត្នោតពិតប្រាកដ មិនមែនជាទុរេននាំចូល ឬ «ទុរេនបំបាំងកាយ» ដូចការចោទប្រកាន់នៅលើបណ្តាញសង្គមនោះទេ។
ទន្ទឹមនឹងនេះ ប្រជាកសិករ និងអាជីវករលក់ទុរេនក្នុងតំបន់ ក៏បានសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ និងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកសិផលក្នុងស្រុក។ ពួកគាត់បានអំពាវនាវដល់សាធារណជនពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត និងជួយបន្តគាំទ្រកសិផលខ្មែរឱ្យបានផុសផុលបន្ថែមទៀត។
ប្រជាកសិករ និងអាជីវករ បានបញ្ជាក់ថា «ទុរេនអារក្សត្នោត គឺជាកសិផលដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ជាយូរមកហើយ ដោយសាររសជាតិឆ្ងាញ់ និងគុណភាពល្អ ហើយសង្ឃឹមថាប្រជាពលរដ្ឋនឹងបន្តគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពកសិករ និងវិស័យកសិកម្មកម្ពុជា»៕
ខាងក្រោមនេះជាការលើកឡើងរបស់មន្ត្រីកសិកម្មឃុំ និងអាជីវករលក់ផ្លែទុរេន នៅផ្សារបែកអន្លូង៖


















































