លោក ហេង សួរ និងលោកស្រី អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារ ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងខណ្ឌកំបូល
01-06-2026 16:17
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក (Marvel Garment Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦នេះ។
ការអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅរោងចក្រ ដើម្បីផ្តល់ជាដំណោះស្រាយជូនដល់បងប្អូនជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់សម្តេចតេជោ និង១០ចំណុចរបស់សម្តេចធិបតី។
លោករដ្ឋមន្រ្តី ហេង សួរ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ លោកក៏បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់ ហើយប្រសិនបើមានបញ្ហាអ្វីដែលដោះស្រាយមិនបាន ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងធ្វើការ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រសួង ឬមន្ទីរការងារ ចុះសម្របសម្រួលឬពន្យល់ជូន និងលេខ ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី TVET ១,៥លានផងដែរ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា ដំណើរច្រវាក់ផលិតកម្ម ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប កន្លែងធ្វើការប្រកបដោយផាសុកភាពផងដែរ។
ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រនេះ មានស្តង់ដាខ្ពស់ បងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
សូមបញ្ជាក់ថា រោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ឱ្យម៉ាកល្បីៗជាច្រើន។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារជាង២ម៉ឺននាក់។ បងប្អូនកម្មករនៅទីនេះទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន មានទីកន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់បាយថ្ងៃត្រង់ដោយមិនគិតថ្លៃ៕










