FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ឈត ប៊ុនថង៖ សម្តីជាឯក លេខជាទោ

01-06-2026 16:11

(ភ្នំពេញ)៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា មនុស្សយើងរស់នៅក្នុងសង្គម មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ ពោលគឺត្រូវមានការប្រាស្រ័យទាក់ទង ការផ្ដល់ព័ត៌មាន និងកិច្ចសហការគ្នាដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍ។ ក្នុងការប្រាស្រ័យទាក់ទងទាំងនោះ ភាសានិយាយ និងចំណេះដឹងផ្នែកលេខនព្វន្ត គឺជាឧបករណ៍ដ៏សំខាន់បំផុត។ ហេតុនេះហើយ ទើបខ្មែរយើងបង្កើតសុភាសិតមួយឃ្លាពោលទុកមកថា «សម្តីជាឯក លេខជាទោ»

លោកបណ្ឌិតបន្ថែមថា គតិបណ្ឌិតបុរាណដែលចង់ដាស់តឿនយើងថា ក្នុងការរស់នៅនិងការប្រកបកិច្ចការងារផ្សេងៗ វោហារសាស្ត្រក្នុងការនិយាយស្តីគឺមានតម្លៃមកមុនគេ ចំណែកឯចំណេះដឹងខាងលេខនព្វន្ត វិទ្យាសាស្ត្រ ឬការគណនា គឺមានតម្លៃបន្ទាប់។ សម្រាប់សុភាសិត «សម្តីជាឯក លេខជាទោ» នេះចង់អប់រំថា ទោះបីជាមនុស្សម្នាក់មានចំណេះដឹងពូកែខាងគណនេយ្យ វិទ្យាសាស្ត្រ ឬមានល្បិចកលពូកែយ៉ាងណាក៏ដោយ បើគ្មានសិល្បៈក្នុងការនិយាយស្តីគួរឱ្យចង់ស្ដាប់ គ្មានការប្រាស្រ័យទាក់ទងល្អនោះទេ ក៏មិនអាចទទួលបានជោគជ័យពេញលេញ ឬមិនអាចទាក់ទាញចិត្តមនុស្សជុំវិញខ្លួនបានឡើយ។

* ហេតុអ្វីបានជា «សម្តីជាឯក»?

នៅក្នុងសង្គមមនុស្ស «សម្តី» គឺជាស្ពានចម្លងពីចិត្តមួយទៅចិត្តមួយ។ សម្តីផ្អែមល្ហែម ត្រឹមត្រូវ និងពោរពេញដោយគំនិតអាចបង្កើតមិត្តភាពនិងសម្ព័ន្ធភាព។ ពាក្យចាស់ពោលថា «សម្តីផ្អែមដូចទឹកឃ្មុំ» អាចធ្វើឱ្យមនុស្សដែលស្អប់យើង ក្លាយមកជាស្រឡាញ់យើង និងធ្វើឱ្យសត្រូវក្លាយជាមិត្ត។ ក្នុងវិស័យការទូតឬជម្លោះផ្សេងៗ ការប្រើប្រាស់វោហារសាស្ត្រដ៏មានឥទ្ធិពល អាចបញ្ចៀសសង្គ្រាមឬការបង្ហូរឈាមបាន ដោយមិនបាច់ប្រើអាវុធ។ ចំណែកអ្នកលក់ដូរដែលមានសម្តីផ្អែមល្ហែម តែងតែលក់ដាច់ជាងអ្នកមានទំនិញល្អតែសម្តីទ្រគោះបោះបោក។ ដូចគ្នានេះដែរ មេដឹកនាំដែលមានវោហារសាស្ត្រល្អ តែងតែអាចកៀរគរ និងស្រូបទាញយកបេះដូងប្រជាជនបាន។

* ហេតុអ្វីបានជា «លេខជាទោ»?

ទោះបីជាសម្តីសំខាន់យ៉ាងណា ក៏យើងមិនអាចចោល «លេខ» បានដែរ។ «លេខ» តំណាងឱ្យភាពជាក់ស្តែង ភាពច្បាស់លាស់ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច បើសម្តីល្អ តែមិនចេះគិតលេខ មិនចេះគណនាចំណេញខាត នោះការរកស៊ី ឬការគ្រប់គ្រងនឹងត្រូវខាតបង់ឬវិនាសមិនខាន។ ហើយបើទោះបីជាយ៉ាងណាក៏ដោយ ក៏ «លេខ» គ្រាន់តែជាឧបករណ៍បម្រើឱ្យមនុស្សប៉ុណ្ណោះ។ បើពូកែតែលេខ តែសម្តីអាក្រក់ គ្មានធម៌មេត្តា គ្មានសិល្បៈក្នុងការរស់នៅ នោះនឹងត្រូវគេរើសអើង និងមិនអាចរស់នៅក្នុងសង្គមបានសុខសាន្តឡើយ។

ដូច្នេះសម្តីនិងលេខ ត្រូវតែដើរទន្ទឹមគ្នា ទើបបង្កើតបានជាភាពជោគជ័យដ៏អស្ចារ្យ។ មនុស្សដែលមាន «ទាំងសម្តីជាឯក ទាំងលេខជាទោ» គឺជាមនុស្សដែលមានភាពវៃឆ្លាតទាំងផ្នែកអារម្មណ៍ (EQ) និងផ្នែកបញ្ញា (IQ)។ នៅក្នុងការអនុវត្តជាក់ស្តែងដូចជា អ្នកនយោបាយ ត្រូវមានសម្តីជាឯក ដើម្បីទាក់ទាញសំឡេងឆ្នោតឬសំឡេងគគាំទ្រ ហើយត្រូវមានលេខជាទោ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ចំណែកអ្នកជំនួញត្រូវមានសម្តីជាឯក ដើម្បីចរចាជាមួយអតិថិជន ហើយត្រូវមានលេខជាទោដើម្បីគ្រប់គ្រងបញ្ជីថវិកាកុំឱ្យក្ស័យធន។

ជារួមសុភាសិត «សម្តីជាឯក លេខជាទោ» គឺជាទស្សនវិជ្ជាអប់រំដ៏មានតម្លៃមិនចេះចាស់គំរឹល ឬមិនសាបសូន្យ។ វាបានបំភ្លឺឱ្យយើងឃើញថា ទោះជាពិភពលោកជឿនលឿនដល់កម្រិតណាក៏ដោយ ក៏សិល្បៈនៃការប្រាស្រ័យទាក់ទងតាមរយៈពា្យសម្តី នៅតែជាកត្តាកំណត់ជោគវាសនារបស់មនុស្សមុនគេជានិច្ច។ ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ ត្រូវតែខិតខំដុសខាត់ទាំង«សម្តី»ឱ្យមានភាពទន់ភ្លន់ ត្រឹមត្រូវ មានក្រមសីលធម៌ និងខិតខំរៀនសូត្រ «លេខ» ដែលជាចំណេះដឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីឬក្លាយជាអនាគតសសរទ្រូងដ៏រឹងមាំសម្រាប់ការការពារនិងការអភិវឌ្ឍសង្គមជាតិទាំងមូល៕