ដើមកៅស៊ូមិនទាន់បានផលរាប់រយដើមនៅស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវភ្លើងឆេះបំផ្លាញស្ទើរទាំងស្រុង, ម្ចាស់ចម្ការសង្ស័យថា មានគេលួចដុត
01-06-2026 16:10
(ស្វាយរៀង)៖ ទឹកប្រាក់ដែលខំសន្សំទាំងលំបាកលំបិន ដើម្បីយកមកវិនិយោគលើវិស័យកសិកម្ម ត្រូវរលាយសាបសូន្យត្រឹមមួយប៉ព្រិចភ្នែក។ ដើមកៅស៊ូសាកល្បងដាំរាប់រយដើម នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងខេត្តស្វាយរៀង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង ខណៈម្ចាស់ចម្ការដាក់ការសង្ស័យខ្ពស់ថា ជាករណីមានជនខិលខូចលួចដុតបំផ្លាញដោយចេតនា។
ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមការរៀបរាប់ទាំងក្តុកក្តួលពីម្ចាស់ដីចម្ការរងគ្រោះ បានឱ្យដឹងថា លោកមានដីចម្ការមួយកន្លែងដែលមានផ្ទៃដីជាង ១ហិកតា។ ដោយសារចង់សាកល្បងរកចំណូលលើវិស័យកសិកម្ម លោកបានសម្រេចចិត្តបោះទុនទិញ កូនកៅស៊ូចំនួនជាង ២,០០០ដើម យកមកដាំដុះសាកល្បងនៅលើទឹកដីខេត្តស្វាយរៀងនេះ។
ចាប់តាំងពីថ្ងៃដាំដុះមក លោក និងក្រុមគ្រួសារ តែងតែយកចិត្តទុកដាក់មើលថែទាំ ជ្រំដី ដាក់ជី និងស្រោចទឹកជាប្រចាំ ដោយនៅក្នុងនោះ លោកបានពឹងពាក់ប្អូនប្រុសរបស់លោកឱ្យស្នាក់នៅប្រចាំការ និងជួយមើលថែ ទាំចម្ការនោះផ្ទាល់តែម្តង។ លុះមកដល់ថ្ងៃកើតហេតុ អ្វីៗដែលធ្លាប់តែរំពឹងទុក ក៏ត្រូវរលាយបាត់បង់ បន្ទាប់ពីភ្លើងបានលេបត្របាក់ដើមកៅស៊ូអស់រាប់រយដើម។
ជុំវិញមូលហេតុ នៃគ្រោះអគ្គិភ័យនេះ ម្ចាស់ចម្ការបានដាក់ការសង្ស័យយ៉ាងខ្លាំងថា មិនមែនជាគ្រោះថ្នាក់ដែលកើតឡើងដោយឯកឯង ឬជាការឆេះព្រៃធម្មតានោះឡើយ។ លោកបានទម្លាយឱ្យដឹងពីតម្រុយខ្លះៗថា នៅមុនពេលកើតហេតុបន្តិច គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានមកដើរក្រឡឹង និងឈរនៅក្បែរទីតាំងដីចម្ការរបស់លោកក្នុងទម្រង់គួរឱ្យសង្ស័យ។
លុះឈានចូលមកដល់វេលារសៀលថ្ងៃដដែល ក៏ស្រាប់តែមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីចំណុចគំនរឈើងាប់មួយកន្លែងដែលនៅក្បែរនោះ។ ធាតុអាកាសក្តៅ និងមានខ្យល់បក់ផង បានធ្វើឱ្យអណ្តាតភ្លើងរាលដាលយ៉ាងលឿនដូចព្រួញ ចូលមកក្នុងចម្ការកៅស៊ូរបស់លោក បណ្តាលឱ្យឆេះរោល និងខ្លោចដើមកៅស៊ូអស់រាប់រយដើម មើលទៅគួរឱ្យសង្វេគជាពន់ពេក។
នៅក្នុងគ្រាអាសន្ននោះ បន្ទាប់ពីបានឃើញផ្សែងហុយទ្រលោម និងអណ្តាតភ្លើងកំពុងរាលដាលខ្លាំង ប្អូនប្រុសម្ចាស់ចម្ការ រួមជាមួយបងប្អូនប្រជាពលរដ្ឋជិតខាង ដែលរស់នៅក្បែរនោះ បានប្រញាប់ប្រញាល់រត់មកជួយអន្តរាគមន៍។
ដោយសារស្ថានភាពផ្លូវ និងខ្វះខាតមធ្យោបាយពន្លត់អគ្គិភ័យទំនើប អ្នកភូមិបានប្រើប្រាស់វិធីសាស្ត្រតាមបែបស្រុកស្រែ ដោយខ្លះស្ទុះស្ទារដងទឹកជះ ខ្លះទាញទុយោបាញ់ទឹក និងខ្លះទៀតបានកាច់មែកឈើស្រស់ៗ រត់ទៅជួយវាយបំបែកភ្លើង ដើម្បីទប់ស្កាត់កុំឱ្យអណ្តាតភ្លើងបន្តរាលដាលកាន់តែខ្លាំងទៅផ្នែកផ្សេងទៀតនៃចម្ការ។ ក្រោយពីការខិតខំប្រឹងប្រែងទាំងប្រថុយប្រថាន ភ្លើងក៏ត្រូវបានគ្រប់គ្រងបានទាំងស្រុង ប៉ុន្តែវាបានបន្សល់ទុកនូវការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ម្ចាស់ចម្ការខាងលើបានសម្តែងការសោកស្តាយជាខ្លាំងចំពោះការបាត់បង់មួយនេះ។ លោកបានធ្វើការអំពាវនាវយ៉ាងទទូចទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយចុះអន្តរាគមន៍ពិនិត្យទីតាំងកើតហេតុ បើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដើម្បីស្វែងរកការពិត និងវែកមុខជនសង្ស័យដែលនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់។
ម្ចាស់ចម្ការកៅបានរៀបរាប់ថា៖ «ថវិកាទាំងនេះ ជាញើសឈាមដែលខ្ញុំខំរកមកទាំងលំបាកលំបិន។ ខ្ញុំមិនទាន់បានប្រមូលផល ឬចំណេញមួយរៀលពីចម្ការនេះផង បែរជាត្រូវមកជួបរឿងអយុត្តិធម៌ និងខ្លោចផ្សាបែបនេះទៅវិញ។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចនឹងជួយរកយុត្តិធម៌ជូនគ្រួសារខ្ញុំ។ នេះជាសម្តីរៀបរាប់ទាំងអួលដើមករបស់ម្ចាស់ចម្ការ»។
បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការរង់ចាំការពិនិត្យ និងចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ច ខណៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានសម្តែងការហួសចិត្ត និងថ្កោលទោសចំពោះទង្វើរបស់ជនអនាមិក ប្រសិនបើជាការលួចដុតពិតមែន ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងការខិតខំប្រឹងប្រែងរបស់អ្នកដទៃបែបនេះ៕









