រដ្ឋបាលខណ្ឌកំបូល សម្របសម្រួលបញ្ចប់ករណីអ្នកជិតខាងប្ដឹងផ្ទះគ្រូបង្រៀនគួរ ឲ្យមានការយោគយល់គ្នាទៅវិញទៅមក, អ្នកប្តឹងមានជំងឺប្រចាំកាយ និងមានម្តាយចាស់ជរា ដែលរងការរំខានរាល់ថ្ងៃ
01-06-2026 16:02
(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្របសម្រួលបញ្ចប់ករណីអ្នកជិតខាងប្ដឹងផ្ទះគ្រូបង្រៀនគួរ ដែលបង្កការរំខានដោយការចតមធ្យោបាយរបស់សិស្ស និងសំឡេងអូសតុកៅអី ឲ្យមានការយោគយល់គ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាងល្អ ខណៈផ្ទះអ្នកប្ដឹងមានចាស់ជរា និងមានជំងឺប្រចាំកាយត្រូវសម្រាកឲ្យបានច្រើន។
ផ្អែកតាមការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា, គូភាគីបានឯកភាពគោរពតាមគោលការណ៍ ចំនួន៥ចំណុច ដូចខាងក្រោម៖
*១៖ ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្ស ដែលមករៀនឲ្យមានសណ្តាប់ធ្នាប់ល្អ
*២៖ កែសម្រួលសម្លេងរំខានខាងក្នុង កុំឲ្យមានសម្លេងរំខានទៀត (យកក្រណាត់រុំជើងតុ កៅអី)
*៣៖ ណែនាំសិស្សក្នុងពេលរៀនចប់ ឲ្យប្រញាប់ត្រឡប់ទៅផ្ទះវិញ
*៤៖ ស្នើសុំឲ្យអ្នកជិតខាងមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ
*៥៖ អាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន។
រដ្ឋបាលខណ្ឌកំបូលតែងយកចិត្តទុកដាក់ក្នុង ការសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពុំមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ។
តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង១៧៖០០នាទី ដល់ម៉ោង២០៖០០នាទី ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹងពុំមានចេតនាប្តឹង ដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឲ្យកែសម្រួលចំណុចមួយចំនួន ដែលរំខានដល់ការរស់ប្រចាំថ្ងៃប៉ុណ្ណោះ ដោយមូលហេតុកន្លងមក សិស្សដែលមករៀនចតកង់ ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្សដែលរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និងជិះ កង់ម៉ូតូ ទៅវិញទៅមកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺប្រចាំកាយ និងមានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្កជាសម្លេងរំខាន ដែលកន្លងមក ឈ្មោះ ឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឲ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែក ឈ្មោះ ចាន់ សុភា ដែលជាគ្រូបើកទីតាំងបង្រៀនគួរក្រៅម៉ោង បានលើកឡើងថា កន្លងមកលោកក៏បានណែនាំដល់សិស្សដែលមករៀនគួរ តាមសំណូមពររបស់ម្ចាស់បណ្ដឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឲ្យបាន ដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួន ក៏ពុំស្តាប់តាមការណែនាំឡើយ៕








