FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សាអ៉ីប៊ុ និងជំរុញមាតា បិតា លើកទឹកចិត្តកូនៗកុំឱ្យបោះបង់ការសិក្សា

01-06-2026 15:45

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៣១ ខែឧសភា ឆ្នា២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សាអ៉ីប៊ុ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ព្រមទាំងដាស់តឿនឱ្យរួមគ្នាថែរក្សាសមិទ្ធផលដែលកើតឡើងដោយពិបាកនេះឱ្យបានល្អបំផុត។

លោកអភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ថវិកា និងសម្ភារៈទាំងអស់នេះ កើតចេញពីទឹកចិត្ត និងការខិតខំកៀរគរមូលនិធិយ៉ាងលំបាកពីសំណាក់ «អង្គការសប្បុរសធម៌កម្ពុជា អន្តរជាតិ»។ ដូច្នេះ សហគមន៍ទាំងមូល ត្រូវចាត់ទុកសមិទ្ធផលទាំងនេះ ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវថែរក្សាដើម្បីប្រយោជន៍យូរអង្វែងរបស់កូនចៅខ្លួនឯង។

លោក សរ សុពុត្រា បានផ្ញើសារដាស់តឿនចំៗទៅកាន់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវតែបញ្ជូនកូនៗមកសាលារៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកកូនចោល ឬឱ្យបោះបង់ការសិក្សានោះឡើយ ដើម្បីឱ្យពួកគេមានឱកាសក្លាយជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិ។

ប្រធានអង្គការសប្បុរសធម៌កម្ពុជា អន្តរជាតិ លោកស្រី យ៉ិ លីណា បានឱ្យដឹងដែរថា នេះជាសមិទ្ធផលទី៧ ហើយដែលអង្គការបានផ្តល់ជូនខេត្តស្ទឹងត្រែង លើវិស័យអប់រំ។

លោកស្រីបានសម្តែងការរំពឹងទុកថា បរិយាកាសសិក្សាដ៏ល្អប្រសើរ និងមានអនាម័យខ្ពស់នេះ នឹងក្លាយជាកាតាលីករជំរុញ ដ៏សំខាន់ក្នុងការបង្កើនការផ្ចង់អារម្មណ៍ ជួយឱ្យក្មួយៗសិស្សានុសិស្ស ស្រូបយកចំណេះដឹងបានកាន់តែប្រសើរ និងទទួលបានជោគជ័យក្នុងការសិក្សា។

សូមបញ្ជាក់ថា សមិទ្ធផលថ្មីសន្លាងដែលសាលាបឋមសិក្សាអ៉ីប៊ុ ទទួលបានពីអង្គការសប្បុរសធម៌កម្ពុជា អន្តរជាតិ នាពេលនេះ រួមមាន៖ អគារសិក្សា ១ខ្នង ៤បន្ទប់ (រួមទាំងទីចាត់ការ), ខ្លោងទ្វារ, ដងទង់ជាតិ, បង្គន់អនាម័យ ៦បន្ទប់, អណ្តូងស្នប់ ១គ្រឿង, ការចាក់សាបទីធ្លា ព្រមទាំងសម្ភារៈបរិក្ខា និងសម្ភារៈសិក្សាមួយចំនួនធំ ដែលនេះជាការឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយលើកកម្ពស់ផាសុខភាព សុវត្ថិភាព និងអនាម័យយ៉ាងខ្លាំង ដល់ការរៀនសូត្ររបស់កុមារនៅក្នុងមូលដ្ឋានដាច់ស្រយាលមួយនេះ៕