ព្រះមេគណខេត្តព្រះវិហារ នាំយកអំណោយ និងថវិកាឧបត្ថម្ភជូនកងកម្លាំងការពារព្រំដែនជួរមុខ៥ទីតាំង ក្នុងខេត្តព្រះវិហារ
01-06-2026 14:43
(ព្រះវិហារ)៖ ព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកបេង រួមជាមួយ ព្រះមហា ត្រេង គឹមឡោន និងសហការី បាននាំយកថវិកា និងសម្ភារៈឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះវិនយធរោ មហា យិន នឿន ព្រមទាំងពុទ្ធបរិស័ទវត្តខ្មែរសាន់តាអេណា សហរដ្ឋអាមេរិក និងពុទ្ធបរិស័ទខ្មែរនៅប្រទេសកាណាដា ចុះសួរសុខទុក្ខ និងចែកជូនដល់វីរកងទ័ព និងកងកម្លាំងនគរបាលការពារព្រំដែនជួរមុខ ចំនួន៥ទីតាំង ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ កងកម្លាំងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ដោយឡែកលោកមេបញ្ជាការ និងមេបញ្ជាការរង នៅតាមគោលដៅនីមួយៗ ទទួលបានថវិកាឧបត្ថម្ភសម្រាប់ទិញស៊ីម៉ង់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សរុបថវិកាចំនួន ២១,០០០,០០០រៀល ព្រមទាំងថ្នាំពេទ្យជាច្រើនមុខសម្រាប់ថែរក្សាសុខភាពផងដែរ។
ព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ បានមានសង្ឃដីកាថា៖ការនាំយកអំណោយ និងថវិកាមកឧបត្ថម្ភដល់វីរកងទ័ព វីរនគរបាល ជួរមុខនាពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តស្រឡាញ់ សាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ច ក្នុងការការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ព្រះអង្គមានសង្ឃដីកាបន្តទៀតថា ទោះបីជាអំណោយ និងថវិកាទាំងនេះមិនមានទំហំធំដុំក្តី ប៉ុន្តែជាកាយវិការដ៏មានអត្ថន័យ ដែលបង្ហាញពីការគិតគូរ និងការលើកទឹកចិត្តដល់កងកម្លាំងនៅជួរមុខ ឱ្យបន្តបំពេញភារកិច្ចដោយភាពមុតមាំ ក្លាហាន និងទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិ។
ជាមួយគ្នានេះ ព្រះសីមាវិជិត ឡុង សុមុនី និងព្រះសង្ឃគ្រប់ព្រះអង្គក៏បានប្រោះព្រំ និង ជូនពរដល់កងកម្លាំងទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្សជានិច្ច៕

























