FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនល្បាតដែនទឹកនៅភាគខាងកើតតៃវ៉ាន់ ឆ្លើយតបគម្រោងពិភាក្សាអំពីព្រំដែនសមុទ្ររវាងជប៉ុននិងហ្វីលីពីន (Video inside)

01-06-2026 14:28

(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឆ្មាំសមុទ្រប្រទេសចិន បាននិយាយថា ខ្លួនបានធ្វើបេសកកម្មល្បាតនៅភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះផែនការរបស់ជប៉ុននិងហ្វីលីពីន ក្នុងការបើកកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនសមុទ្រ ដែលត្រួតស៉ីគ្នានៅតំបន់ទាមទារដោយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីសប្តាហ៍មុន ជប៉ុននិងហ្វីលីពីន បាននិយាយថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការ ស្តីពីការកំណត់បន្ទាត់ព្រំដែនសមុទ្រ នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរ ដោយស្របទៅតាមច្បាប់អន្តរជាតិ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងការបរទេសចិន បាននិយាយថា តំបន់នោះគ្របដណ្តប់ផ្ទៃទឹកនៅភាគខាងកើតតៃវ៉ាន់ ដែលជាកោះត្រូវបានចិនចាត់ទុកជាទឹកដីរបស់ខ្លួន។

ចំណែក នៅថ្ងៃចន្ទនេះ ឆ្មាំសមុទ្រចិនបាននិយាយថា បេសកកម្មល្បាតខាងលើ គឺជាសកម្មភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះ​ការដែលជប៉ុននិងហ្វីលីពីន ប្រកាសដោយឯកតោភាគី អំពីការចាប់ផ្តើមកិច្ចចរចាកំណត់ព្រំដែនសមុទ្រ នៅផ្ទៃទឹកភាគខាងកើតកោះតៃវ៉ាន់របស់ប្រទេសចិន ដូច្នេះហើយទីក្រុងប៉េកាំងទទូចឱ្យជប៉ុននិងហ្វីលីពីន បញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់ជាបន្ទាន់ ដែលរំលោភបំពានមកលើសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់ប្រទេសចិន។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យ ក្រសួងការបរទេសតៃវ៉ាន់ បានចេញមុខថ្កោលទោសការអត្ថាធិប្បាយកាលពីថ្ងៃសុក្ររបស់ចិន ដោយលើកឡើងថា ចិនគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែកបញ្ហាអធិបតេយ្យភាពទឹកដី និងសិទ្ធិអធិបតេយ្យរបស់តៃវ៉ាន់ឡើយ ជុំវិញតំបន់សមុទ្រដែលពាក់ព័ន្ធរបស់ដែនកោះនេះ៕