នគរបាលខេត្តកំពត អាវុធហត្ថ និងអ្នកទទួលផលចោរកម្ម ក្នុងសំណុំរឿងលួចវត្ថុតាងក្នុងកាស៉ីណូ នៅព្រែកចាកពាក់ព័ន្ធ Online Scams ត្រូវតុលាការសម្រេចឃុំខ្លួន ក្រោយតំណាងអយ្យការចោទប្រកាន់
01-06-2026 14:21
(ភ្នំពេញ)៖ នគរបាលខេត្តកំពត កងរាជអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៥៤នាក់ (ខ្លះកំពុងគេចខ្លួន) ក្នុងសំណុំរឿងលួចវត្ថុតាងក្នុងកាស៉ីណូ នៅព្រែកចាក ពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ កាលពីនៅថ្ងៃទី៣១ ខែឧសភាម្សិលមិញ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ តាមរយៈដីកាបញ្ជូនរឿងឲ្យស៊េីបសួរពីបទផ្តើមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា នគរបាល និងអាវុធហត្ថខេត្តកំពត ដែលត្រូវបានចាប់ខ្លួន និងតំណាងអយ្យការចោទប្រកាន់ បន្ទាប់ពីពួកគេរួមគំនិតគ្នាចូលលួចយកវត្ថុតាងដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams នៅទីតាំងដែលពួកគេយាមកាមក្រោយពីបង្ក្រាប ក្នុងអគារកាស៉ីណូមួយរបស់អតីតឧកញ៉ា លី គួង នៅព្រំដែនព្រែកចាក ខេត្តកំពត។
ក្នុងនោះពួកគេបានលួចយក ទូរស័ព្ទ កុំព្យូទ័រ និងសម្ភារមានតម្លៃជាច្រើនទៀត គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
នគរបាលដែលបានធ្វើសកម្មភាពនោះ មានទាំងស្នងការរងទទួលការងារព្រំដែន, អធិការនគរបាលស្រុកកំពង់ត្រាច, អធិការរង, មេបញ្ជាការវរនគរបាលការពារព្រំដែន និងមន្ដ្រី អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុប៥៤នាក់។
ក្រោយស្រាវជ្រាវរកឃើញអំពីបទល្មើស ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ហើយសំណុំរឿងនោះត្រូវបានផ្ទេរពីខេត្តកំពត មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕




































