ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូ លើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ»
01-06-2026 13:04
(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ លោក លោកស្រីថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរនៃក្រសួងទាំងពីរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងសំដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងសហគមន៍នៅជនបទ ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ តាមរយៈយន្តការសហថាមពលនេះ ក្រសួងទាំងពីរនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅតាមសហគមន៍ជនបទ និងតំបន់គោលដៅទេសចរណ៍ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» របស់កម្ពុជា ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ដែរថា ការចុះអនុស្សរណៈនេះ មានគោលបំណងចម្បងចំនួន៣ ដូចខាងក្រោម៖
ទី១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគូភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវគមនាគមន៍ជនបទប្រកបដោយភាពធន់ ការជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការជំរុញការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។
ទី២៖ បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ ប្រជាជននៅតំបន់ជនបទ និងភ្ញៀវទេសចរ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ទី៣៖ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព៕
























