FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាស្ត្រាចារ្យ សុខ ជួរ៖ ទេសចរណ៍សុខាភិបាល មិនគួរមើលឃើញត្រឹមតែជាសកម្មភាពពាណិជ្ជកម្មនោះទេ ប៉ុន្តែគួរផ្តោតលើសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកជំងឺជាចម្បង

01-06-2026 12:10

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានថ្លែងបញ្ជាក់ថា ទេសចរណ៍សុខាភិបាល មិនគួរត្រូវបានមើលឃើញត្រឹមតែជាសកម្មភាពពាណិជ្ជកម្មនោះទេ ប៉ុន្តែគួរត្រូវបានចាត់ទុកជាយន្តការសហប្រតិបត្តិការ ដែលផ្តោតលើសុវត្ថិភាព អត្ថប្រយោជន៍ និងសុខុមាលភាពរបស់អ្នកជំងឺជាចម្បង។

លោកសាស្ត្រាចារ្យ សុខ ជួរ បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នាឱកាសដែលលោក និងលោក វ៉ាន់ឡាល់វ៉ាណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញជាអធិបតិបតីក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍វេជ្ជសាស្ត្រ និងបណ្តាញថែទាំសុខភាព កម្ពុជា-ឥណ្ឌា នៅដើម្បីលើកកម្ពស់ប្រទេសឥណ្ឌា ក្លាយជាគោលដៅដែលប្រជាពលរដ្ឋកម្ពុជា និយមប្រើប្រាស់សម្រាប់ការព្យាបាលជំងឺដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់។

នាឱកាសនោះសាស្ត្រាចារ្យ សុខ ជួរ បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានរៀបចំកម្មវិធីនេះដើម្បីបង្កើតជាវេទិកាសម្រាប់ជំនួបពិភាក្សា និងពង្រឹងបណ្តាញទំនាក់ទំនង រវាងអ្នកជំនាញសុខាភិបាល ស្ថាប័នវេជ្ជសាស្ត្រ និងដៃគូពាក់ព័ន្ធ។ លោកគូសបញ្ជាក់ថា ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍វិជ្ជាជីវៈ ការបណ្តុះបណ្តាល ការអប់រំវេជ្ជសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពសេវាសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជន។

លោកសាស្ត្រាចារ្យ បានមានប្រសាសន៍បន្ថែមថា ក្រសួងសុខាភិបាល បន្តប្តេជ្ញាពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងឈានទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសាកល តាមរយៈការពង្រឹងគុណភាពសេវា ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័នសុខាភិបាល ព្រមទាំងការលើកកម្ពស់ភាពជាដៃគូ ប្រកបដោយការទទួលខុសត្រូវ។

លោកសាស្ត្រាចារ្យ សុខ ជួរ បានគូសបញ្ជាក់ថា ទេសចរណ៍សុខាភិបាល មិនគួរត្រូវបានមើលឃើញត្រឹមតែជាសកម្មភាពពាណិជ្ជកម្មនោះទេ ប៉ុន្តែគួរត្រូវបានចាត់ទុកជាយន្តការសហប្រតិបត្តិការ ដែលផ្តោតលើសុវត្ថិភាព អត្ថប្រយោជន៍ និងសុខុមាលភាពរបស់អ្នកជំងឺជាចម្បង។ ក្នុងន័យនេះក្រសួងសុខាភិបាលស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលរួមចំណែកពង្រឹងសមត្ថភាពសុខាភិបាល ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តស្របតាមច្បាប់ បទដ្ឋានវិជ្ជាជីវៈ និងគោលការណ៍ការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកជំងឺជាចម្បង និងប្រកាន់ខ្ជាប់នូវគោលការណ៌ក្រមសីលធម៌វេជ្ជសាស្ត្រ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងកម្ពុជា មានប្រមាណ ៥៧០ ០០០នាក់ ក្នុងនោះមានទេសចរឥណ្ឌាមកទស្សនាប្រទេសកម្ពុជាចំនួន ៧១ ០៤៦នាក់ ខណៈចំនួនទេសចរកម្ពុជាទៅលេងនៅប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ មិនទាន់ទិន្នន័យនោះទេ។ ចំណែករបាយការណ៍របស់ក្រសួងទេសចរណ៍ឥណ្ឌា មានប្រជាជនកម្ពុជា ១១ ៣២៦នាក់ បានទៅលេងប្រទេសឥណ្ឌា នៅឆ្នាំ២០២៤៕