FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ឈត ប៊ុនថង៖ «អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»

01-06-2026 12:04

(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវសុភាសិតខ្មែរដែលនិយាអំពី៖ «អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត» មកកាន់បណ្ដាញព័ត៌មាន Fresh News ដែលមានខ្លឹមសារដូចតទៅ៖

នៅក្នុងគម្ពីរជីវិតនិងទស្សនវិជ្ជាអប់រំរបស់បុរាណាចារ្យខ្មែរ មនុស្សត្រូវបានគេឱ្យតម្លៃខ្ពស់ទៅលើសីលធម៌នៃការប្រាស្រ័យទាក់ទង។ ក្នុងចំណោមសរីរាង្គទាំងពួង «អណ្តាត» ត្រូវបានចាស់បុរាណាលើកយកមកដាស់តឿនយ៉ាងមុតមាំបំផុត ដូចមានសុភាសិតមួយឃ្លាពោលទុកថា៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»។ ឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅនេះ ចង់ដាស់តឿនយើងគ្រប់គ្នាឱ្យយល់ដឹងពីអំណាចនៃពាក្យសម្តី ដែលអាចបង្កើតបានទាំងវាសនាដ៏រុងរឿង និងមហន្តរាយដ៏ធំធេង។

ដើម្បីយល់ឱ្យកាន់តែច្បាស់ យើងត្រូវសិក្សាទៅលើអត្ថន័យនៃពាក្យគន្លឹះនីមួយៗជាមុនសិន។ តាមន័យត្រង់ «អណ្តាត» គឺជាសរីរាង្គសម្រាប់ដឹងរសជាតិ និងជួយបន្លឺសំឡេង ប៉ុន្តែក្នុងន័យធៀប សុភាសិតនេះ «អណ្តាត» សំដៅលើ «ពាក្យសម្តី»ឬការនិយាយស្តី។ ចំណែកពាក្យថា «ជាអាទិ៍កន្លង» មានន័យថា ជាចំណុចចាប់ផ្តើម ជាដើមហេតុឬជាឫសគល់នៃរឿងរ៉ាវទាំងពួង។ រីឯឃ្លាចុងក្រោយ «បានសុខទុក្ខផងពីព្រោះអណ្តាត» គឺចង់បញ្ជាក់ថា សេចក្តីសុខ សេចក្តីចម្រើន ភាពជោគជ័យ ឬមួយក៏សេចក្តីទុក្ខទោសភ័យ វិនាសអន្តរាយ គឺសុទ្ធតែមានប្រភពចេញមកពីពាក្យសម្តីដែលយើងនិយាយចេញទៅទាំងអស់។ ជារួមមក សុភាសិតនេះមានន័យគ្រប់ដណ្តប់ថា ពាក្យសម្តីគឺជាអាវុធមុខពីរ ដែលអាចផ្តល់ផលវិជ្ជមានផង និងអវិជ្ជមានផង អាស្រ័យលើថាតើអ្នកប្រើប្រាស់វាបានត្រឹមត្រូវឬមិនត្រឹមត្រូវ។

សូមពិនិត្យទៅលើទិដ្ឋភាពជាក់ស្តែង ហេតុអ្វីបានជាសម្តីអាចនាំមកនូវ «សេចក្តីសុខ» បាន? កាលណាដែលមនុស្សយើងនិយាយស្តីបង្កប់ដោយភាពពិរោះពិសា ត្រឹមត្រូវតាមកាលៈទេសៈ និងប្រកបដោយការណ៍ពិត សម្តីនោះនឹងដើរតួជាស្ពានចម្លងបង្កើតក្នុងការមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាក្នុងសង្គម។ នៅក្នុងការរស់នៅ សម្តីផ្អែមល្ហែមទន់ភ្លន់ គឺជាឱសថទិព្វសម្រាប់លួងលោម និងលើកទឹកចិត្តមនុស្សដែលកំពុងបាក់ទឹកចិត្ត ឬអាចជួយសម្របសម្រួលដោះស្រាយជម្លោះធំៗឱ្យក្លាយជាតូចបាន។ សូម្បីតែនៅក្នុងប្រវត្តិសាស្ត្រ ក៏ធ្លាប់មានអ្នកការទូតជើងចាស់ជាច្រើនរូប អាចប្រើសម្តីត្រឹមត្រូវដើម្បីការពារទឹកដីនិងអាយុជីវិតប្រជាជនមិនឱ្យកើតសង្គ្រាមបង្ហូរឈាមគ្នាបានដែរ ដូចពាក្យបុរាណពោលថា «សម្តីជាឯក លេខជាទោ» ដូច្នោះឯង។

ផ្ទុយទៅវិញប្រសិនបើ «អណ្តាត» នេះ ខ្វះការគ្រប់គ្រង វានឹងក្លាយទៅជាប្រភពនៃ «សេចក្តីទុក្ខ» ភ្លាមៗ។ សម្តីដែលខ្វះការពិចារណា និយាយលាក់ពុត ញុះញង់ បង្កាច់បង្ខូច ឬភូតភរ គឺជាមេរោគបំបែកបំបាក់សេចក្តីសុខក្នុងគ្រួសារនិងសង្គមជាតិ។ សម្តីខ្លះមានភាពមុតស្រួចជាងមុខកាំបិតទៅទៀត ពីព្រោះវាអាចសម្លាប់ទឹកចិត្តមនុស្ស ធ្វើឱ្យមនុស្សឈឺចាប់ស្ទើរពេញមួយជីវិត និងអាចបង្កជាជម្លោះឈានដល់ការកាប់សម្លាប់គ្នាថែមទៀតផង។ ដូចដែលចាស់បុរាណតែងតែស្រង់មកប្រៀបប្រដូចថា «កង្កែបស្លាប់ព្រោះមាត់» ពោលគឺខ្លួនឯងជាអ្នកបង្កើតគ្រោះថ្នាក់មកដាក់ឱ្យខ្លួនឯង តាមរយៈសម្តីដែលនិយាយចេញទៅ។

បើឆ្លុះបញ្ចាំងមកកាន់តថភាពនៃជីវិតបច្ចុប្បន្ន ក្នុងសម័យឌីជីថលដ៏ទំនើបនេះ សុភាសិតខាងលើនេះកាន់តែមានឥទ្ធិពល និងត្រូវចំសភាពការណ៍សង្គមខ្លាំងជាងមុនទៅទៀត។ ពាក្យថា «អណ្តាត» នៅពេលនេះ មិនមែនកម្រិតត្រឹមតែការនិយាយចេញពីមាត់ទល់មុខគ្នានោះទេ ប៉ុន្តែវាបានវិវត្តខ្លួនទៅជា «ចុងម្រាមដៃ» នៅលើក្តារចុច (Keyboard) នៃបណ្តាញសង្គមដូចជា Facebook, TikTok ឬ Telegram ជាដើម។

នៅក្នុងជីវិតរស់នៅនិងការងារ ប្រសិនបើយើងចេះប្រើប្រាស់សម្តី ឬការបញ្ចេញមតិ (Comment) ប្រកបដោយវិន័យ ស្ថាបនា និងចែករំលែកចំណេះដឹង វានឹងនាំមកនូវឱកាសការងារ លាភសក្ការៈ ភាពជោគជ័យក្នុងអាជីវកម្ម និងការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ផ្ទុយទៅវិញ ការប្រើប្រាស់ចុងម្រាមដៃដើម្បីវាយប្រហារ ជេរប្រមាថ ឬផ្សាយព័ត៌មានមិនពិត ដែលយើងហៅថា Cyberbullying នោះ បាននិងកំពុងធ្វើឱ្យជនរងគ្រោះជាច្រើនធ្លាក់ទឹកចិត្តរហូតដល់សម្លាប់ខ្លួន ហើយអ្នកដែលវាយអត្ថបទជេរប្រមាថទាំងនោះ ក៏ត្រូវប្រឈមមុខនឹងច្បាប់ ត្រូវបាត់បង់កេរ្តិ៍ឈ្មោះ និងត្រូវជាប់គុកច្រវាក់ ជួបទុក្ខទោសព្រោះតែ «អណ្តាតឌីជីថល» របស់ខ្លួនឯងដែរ។

សរុបសេចក្តីមក មិនថាក្នុងយុគសម័យណានោះទេ ពាក្យសម្តីនៅតែជាត្រីវិស័យកំណត់វាសនារបស់មនុស្សម្នាក់ៗជានិច្ច។ បើចង់បានសេចក្តីសុខ ត្រូវរៀនគ្រប់គ្រងអណ្តាត និងចុងម្រាមដៃឱ្យបានល្អ។ មុននឹងនិយាយ ឬ Comment អ្វីមួយ ត្រូវឆ្លងកាត់ការគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីឱ្យសម្តីដែលបញ្ចេញទៅ ក្លាយជាផ្កាដែលមានក្លិនក្រអូប មិនមែនជាអាវុធមុតស្រួចអាចដែលត្រឡប់មកចាក់ខ្លួនឯងវិញនោះឡើយ៕