ក្មេងស្រីដែលគេបង្ហោះថាបាត់ខ្លួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺកំពុងធ្វើការនៅឃ្លាំងផលិតទឹកសុទ្ធនៅស្រុកឆែប ខេត្តព្រះវិហារ និងរង់ចាំគ្រួសារមកទទួល
01-06-2026 11:15
(ព្រះវិហារ)៖ ក្មេងស្រីម្នាក់ដែលគេបង្ហោះថាបាត់ខ្លួនចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆែប រកឃើញនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មានឈ្មោះ ឈុំ ស្រីនីន អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ គាត់បានមកធ្វេីការនៅកន្លែងសិប្បកម្មផលិតទឹកសុទ្ធ របស់ឈ្មោះ ឯក ជា ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជាសម្ភារៈមួយចំនួន និងថវិកាដល់ក្មេងស្រីខាងលើ និងឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប នាំក្មេងស្រីទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដេីម្បីសាកសួរបន្ដ និងឲ្យក្មេងស្រីរង់ចាំម្តាយមកទទួលគាត់ត្រឡប់ទៅផ្ទះវិញ។
បើតាមលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ដោយដកស្រង់សំដីក្មេងស្រីនោះថា ក្មេងស្រីនោះមិនត្រូវបានអ្នកណាចាប់ខ្លួន ឬរត់តាមគេនោះទេ គឺគាត់ស្ម័គ្រចិត្តដោយខ្លួនឯង មកធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងនៅស្រុកឆែប ដោយសារតែកត្តាជីវភាព ហើយស្របពេលដែលគាត់ស្នាក់នៅធ្វើការទីនេះ គាត់ក៏បានទូរស័ព្ទប្រាប់ម្តាយរបស់គាត់រួចហើយដែរ៕




